ទឹកជំនន់នៅវៀតណាម សម្លាប់មនុស្ស២០នាក់ និងបាត់ខ្លួនច្រើននាក់
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិក បានសម្លាប់មនុស្សយ៉ាងតិច២០នាក់ និងបាត់ខ្លួនច្រើននាក់នៅភាគខាងជើងប្រទេសវៀតណាម។
កាសែត Tuoi Tre បានរាយការណ៍ថា មនុស្សចំនួន១០នាក់បានលង់ទឹកស្លាប់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Yen Bai បន្ទាប់ពីព្យុះត្រូពិក Son Tinh វាយប្រហារតំបន់ភាគខាងជើងប្រទេសកាលពីសប្ដាហ៍មុន។
នៅខេត្ត Thanh Hoa, ទឹកជំនន់ភ្លាមៗបានលេបត្របាក់ភូមិដ៏តូចមួយក្នុងស្រុក Lang Chanh ហើយបានបំផ្លាញផ្ទះសម្បែងរាប់សិបខ្នងកាលពីថ្ងៃព្រហស្បតិ៍។
ពលរដ្ឋម្នាក់ឈ្មោះ Luong Van Hung បាននិយាយថា “ទឹកជំនន់បានមកយ៉ាងឆាប់រហ័សហើយយើងមានពេលតិចតួចណាស់ដើម្បីរត់គេចខ្លួន។ អ្នកខ្លះបានព្យាយាមរត់ទៅកន្លែងខ្ពស់ប៉ុន្តែអ្នកខ្លះទៀតត្រូវបានទឹកជំនន់នាំយកទៅ”។
ចំណែកលោក Nguyen Xuan Hong ចៅហ្វាយស្រុក Lang Chanh បាននិយាយថា ទឹកជំនន់បាននាំគ្រួសារមួយដែលមានសមាជិក៤នាក់យកទៅខណៈពេលពួកគេកំពុងដេក។ មនុស្សពីរនាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងគំនរបាក់បែកដែលបន្សល់ទុកដោយទឹកជំនន់ខណៈដែលសពកូនស្រីអាយុ៥ឆ្នាំម្នាក់របស់គ្រួសារនេះត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃចន្ទនៅក្នុងប្រឡាយទឹកមួយដែលមានចម្ងាយ៣គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ។
លោក Hong បាននិយាយថា ក្រុមជួយសង្គ្រោះមួយដែលមានគ្នា៣០០នាក់កំពុងស្វែងរកសមាជិកទី៤នៃគ្រួសារនេះដែលនៅតែបាត់ខ្លួន។
អ្នកស្លាប់ក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងខេត្ត Phu Tho, Lao Cai, Hoa Binh និងខេត្ត Son La ដែលនៅទីនោះ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានការបាក់ដីនិងកាត់ផ្តាច់ផ្លូវថ្នល់។
ភ្លៀងបានបញ្ឈប់នៅចុងសប្ដាហ៍ប៉ុន្តែទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិបានឲ្យដឹងថា ព្យុះត្រូពិកមួយទៀតកំពុងឆ្ពោះដំណើរទៅប្រទេសវៀតណាមខាងជើងនៅសប្ដាហ៍នេះ៕ AP
Source: Kampuchea Thmey Daily
0 Comments