ភ្នំពេញ ៖ ព្រោះតែការបែកបាក់កាលពីអតីតកាល បានធ្វើឲ្យខ្មែរទទួលរងនូវទុក្ខវេទនាហួសការ ស្មាន តែពេលនេះសន្តិភាពខ្មែររកបានមកហើយ យើងត្រូវតែរក្សាវាឲ្យមានមានជីវិតរស់នៅជា រៀងរហូត មានន័យថា ខ្មែរត្រូវតែមានសាមគ្គីធម៌ដើម្បីសន្តិភាព។
នេះជាបន្ទូលសម្តេចព្រះ មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនភិក្ខុ ឡុច យ៉ាន រួមនឹងការប្រកាសតែងតាំងភិក្ខុអង្គនេះជាទីប្រឹក្សាផ្ទាល់របស់ព្រះអង្គកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនៅវត្តព្រះនាគ ស្ថិតក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស បានគូសបញ្ជាក់ថា ការប្រណិប័តន៍ចំពោះពុទ្ធឱវាទ គឺជាការគ្រប់គ្រាន់ទៅហើយសម្រាប់ធ្វើឲ្យមានសាមគ្គីភាព។ ដូច្នេះពុទ្ធបរិស័ទតោងមាន ការសិក្សាស្វែងយល់អំពីពុទ្ធឱវាទ ហើយអនុវត្តតាមឲ្យបានត្រឹមត្រូវនោះយើងនឹងអាចធ្វើឲ្យ ចិត្តមានសេចក្តីស្ងប់ មានធម៌ខន្តី និងមានសាមគ្គីគ្នាល្អប្រសើរណាស់។
ជាមួយគ្នានេះសម្តេច បានសម្តែងនូវការកោតសរសើរចំពោះភិក្ខុ ឡុច យ៉ាន ចៅអធិការស្តីទីវត្តព្រះនាគ ដែលបានរួម ចំណែកយ៉ាងសកម្មក្នុងការការអប់រំព្រះធម៌ទៅដល់ព្រះសង្ឃក្រោមឱវាទ ជាពិសេសការផ្សព្វ ផ្សាយព្រះធម៌ទៅដល់ប្រជាពុទ្ធបរិស័ទ ធ្វើឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទមានការរួបរួមគ្នាលើក ស្ទួយតម្លៃព្រះពុទ្ធសាសនា។
គួររំលឹកថា វត្តព្រះនាគ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានចំងាយជាង ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាវត្តដ៏មានវ័យចំណាស់ គឺ បានកកើតឡើងតាំងពីក្នុងរវាង ព.ស ២០៨០ ត្រូវនឹង គ.ស ១៥៣៧ ដែលរហូតមកទល់នឹង ពេលនេះមានអាយុកាល ៤៧៩ឆ្នាំហើយ។
បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ភិក្ខុ ឡុច យ៉ាន ជាចៅអធិការស្តីទី វត្តកំពុងមានការរីកចម្រើនតាម រយៈការកសាងនូវសមិទ្ធផលនានាក្នុងវត្ត រួម នឹងគម្រោងសាងសង់សាលាពុទ្ធិកបឋមសិក្សាសំរាប់ព្រះសង្ឃសិក្សារៀនសូត្រផងដែរ៕
Source: Kampuchea Thmey Daily
0 Comments