មនុស្សចំនួនពីរនាក់រួមទាំងខ្មាន់កាំភ្លើងផងដែរ បានស្លាប់ និង១៣នាក់ទៀតរងរបួសនៅក្នុងទីក្រុងតូរ៉ុនតូ បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ នៅក្នុងសង្កាត់ Greektown ដ៏មមាញឹក ដែលនេះជាការបន្ថែមក្តីព្រួយបារម្ភអំពីអំពើហិង្សា ដោយកាំភ្លើងនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាណាដាមួយនេះ។
ប៉ូលិសក្រុងតូរ៉ុនតូបាននិយាយនៅលើ Twitter ថា “ស្ត្រីពេញវ័យម្នាក់បានស្លាប់ហើយក្មេងស្រីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។ ប៉ូលិសបានបន្ថែមថា ជនរងគ្រោះទាំង១៤នាក់ត្រូវបានគេបាញ់ដោយកាំភ្លើងដៃ។
ប៉ូលិសបាននិយាយថា ជនសង្ស័យក៏បានស្លាប់ផងដែរហើយកាសែត Toronto Star បានដកស្រង់សម្តីមេប៉ូលិសលោក Mark Saunders ដែលនិយាយថា “មានការបាញ់កាំភ្លើងតបតគ្នា”។
កាសែត Global News បានដកស្រង់ប្រភពរបស់ប៉ូលិសក្រុងតូរ៉ុនតូដែលបាននិយាយថា ជនសង្ស័យត្រូវបានគេជឿជាក់ថាបានបើកការបាញ់ប្រហារទៅលើប៉ូលិសមុនពេលសម្លាប់ខ្លួនឯង។
មន្ត្រីប៉ូលិសដែលខ្លះមានប្រដាប់ដោយកាំភ្លើងគឺបានបិទផ្លូវធំរបស់សង្កាត់ Greektown បន្ទាប់ពីបានទទួលទូរស័ព្ទនៅម៉ោងប្រហែល១០យប់។
សាក្សីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាបានឮស្នូរបាញ់កាំភ្លើងប្រហែល២០ដង។
ហេតុការណ៍នេះបានកើតឡើងខណៈដែលទីក្រុងធំបំផុតរបស់ប្រទេសកាណាដាមួយនេះមានការព្រួយបារម្ភជុំវិញការបាញ់ប្រហារកើនឡើងដែលមានជាង២០០លើកនៅក្នុងឆ្នាំនេះ។
ប្រទេសកាណាដាមានកម្រិតទាបនៃអំពើហិង្សាដោយកាំភ្លើងជាពិសេសបើប្រៀបធៀបជាមួយនឹងអ្នកជិតខាងរបស់ខ្លួនគឺសហរដ្ឋអាមេរិក។
អភិបាលក្រុងលោក John Tory បាននិយាយថា អំពើហឹង្សាកាលពីថ្ងៃអាទិត្យគឺជា “ភស្តុតាងនៃបញ្ហាកាំភ្លើង” ក្នុងទីក្រុងតូរ៉ុនតូ។
លោក Tory បានប្រាប់សន្និសីទព័ត៌មានមួយក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីការបាញ់ប្រហារនេះថា “មានមនុស្សច្រើនពេកហើយដែលអាចកាន់កាំភ្លើងបាន”។
លោកបានបន្ថែមថា ព័ត៌មានលម្អិតនៃឧបទ្ទវហេតុចុងក្រោយបង្អស់នេះនៅតែមិនទាន់ច្បាស់។ លោកនិយាយថា “យើងត្រូវតែរកឲ្យឃើញពីអ្វីដែលបានកើតឡើងនៅទីនេះ”។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅ Greektown បានកើតឡើងប្រហែលបីខែបន្ទាប់ពីទីក្រុងត្រូវ រង្គោះរង្គើដោយការស្លាប់របស់មនុស្ស១០នាក់ភាគច្រើនជាស្ត្រីដែលត្រូវបានសម្លាប់ដោយបុរសម្នាក់ដែលបានបើកឡានបុករះនៅចុងភាគខាងជើងនៃទីក្រុងតូរ៉ុនតូ៕ AFP
Source: Kampuchea Thmey Daily
0 Comments