Ad Code

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ ដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងត្បូង​បញ្ចប់សង្គ្រាម​កូរ៉េ



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​ បានដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​ប្រទេស​កូរ៉េខាងត្បូង​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​របស់ខ្លួន​ដើម្បី​ធ្វើការ​ឆ្ពោះ​ទៅរក “​កិច្ចការ​ជា​ប្រវត្តិសាស្ត្រ​” នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap កាលពី​ថ្ងៃ​ចន្ទ​។​

ដោយ​ដកស្រង់​ប្រភព​របស់ Uriminzokkiri ដែលជា​គេហទំព័រ​ឃោសនា​ខាងក្រៅ​របស់​កូរ៉េខាងជើង​, Yonhap បាន​រាយការណ៍​ថា “​វា​គឺជា​កិច្ចការ​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនអាច​ត្រូវ​ពន្យារពេល​ទៀត​ទេ​ដើម្បី​កសាង​របប​សន្តិភាព​ដ៏​រឹងមាំ​មួយ​ដោយ​បញ្ចប់​នូវ​ស្ថាន​ភាពជា​រដ្ឋ​នៃ​បទ​ឈប់​បាញ់​នាបច្ចុប្បន្ន​នៅលើ​ឧបទ្វីប​កូរ៉េ​”​។​

រឿងនេះ​បានកើត​ឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​បាន​ជួបប្រជុំគ្នា​នៅ​ប្រទេស​សិង្ហ​បុរី​សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃទី​១២​ខែមិថុនា​។ កិច្ចប្រជុំ​នោះបាន​ធ្វើឡើង​បន្ទាប់ពី​លោក​គីម​បាន​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន​ចេ​អ៊ី​ន​នៅ​ថ្ងៃទី​២៧​ខែមេសា​ក្នុង​តំបន់​គ្មាន​យោធា​ដែល​បែងចែក​ប្រទេស​របស់​ពួកគេ​។​

ក្នុងអំឡុង​កិច្ចប្រជុំ​កាលពី​ខែមេសា មេដឹកនាំ​ទាំងពីរ​បាន​សន្យាថា​នឹង​ធ្វើការ​ឆ្ពោះទៅរក “​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​ចេញពី​ឧបទ្វីប​កូរ៉េ​” និង​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក​និង​ចិន​ដើម្បី​ប្រកាស​ពី​ការបញ្ចប់​ជា​ផ្លូវការ​នៃ​សង្គ្រាម​កូរ៉េ​ទសវត្សរ៍​ឆ្នាំ​១៩៥០​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​របស់​កូរ៉េខាងជើង​ដូចជា Meari ជាដើម​ក៏បាន​ជំរុញ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ធ្វើការ​នៅ​ផ្នែក​របស់ខ្លួន​ដើម្បី​បញ្ចប់សង្គ្រាម​កូរ៉េ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​បន្ថែមថា កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំងពីរ​កាលពី​ខែមេសា​នឹង​បាត់បង់​សារៈសំខាន់​របស់ខ្លួន​ប្រសិនបើ​ការផ្លាស់ប្តូរ​មិនត្រូវ​បាន​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​ទេនោះ​។​

បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយចំនួន​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​នោះ ផែនការ​នានា​ត្រូវបាន​ធ្វើឡើង​ដើម្បី​បន្ត​ការជួបជុំ​គ្រួសារ​ដែល​ត្រូវបាន​បំបែក​ដោយ​សង្គ្រាម​កូរ៉េ​ឡើងវិញ​នៅក្នុង​ខែសីហា​។​

ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេ​អ៊ូ​ល​បានបញ្ជាក់​ជាថ្មី​អំពី​បំណង​របស់​រដ្ឋាភិបាល​ក្នុង​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​នៅ​ដំណាច់​ឆ្នាំនេះ​និង​បាន​សន្យា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​និង​កូរ៉េខាងជើង​អំពី​របៀប​ដើម្បី​សម្រេចបាន​គោលបំណង​នេះ​៕ CAN



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu