រតនគិរី ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក ក្នុងខេត្តរតនគិរី ឲ្យមានការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈរកទីទួលសុវត្ថិភាព។
លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឲ្យដឹង នៅថ្ងៃទី២៣ ខែកក្កដានេះ ថា ខេត្តរតនគិរី មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃ ហើយទឹកទន្លេមានការឡើងយ៉ាងគំហុក។
លោក ចាន់ ប៊ុនធឿន បានបន្តថា ទឹកទន្លេសេសាន្ត និងទឹកទន្លេស្រែពក ក្នុងខេត្តរតនគិរី ត្រូវបានប្រកាសអាសន្ន ដោយ ទឹកទន្លេសេសាន្ត ក្នុងខេត្តរតនគិរី បាន និងកំពុងហក់ឡើងខ្លាំងជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។ គិតត្រឹមម៉ោង១ រសៀលថ្ងៃទី២៣នេះ ទឹកទន្លេ បានកើនឡើងដល់កម្ពស់ ៧,៨០ ម (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៨ ម)។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនឹងបន្តកើនឡើងជាបន្ថែមទៀត។
គួររំលឹកផងដែលថា លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេ បឹង អូរ ព្រែក និងប្រឡាយ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ ខណៈដែលមេឃបាននិងកំពុងបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូចនេះ។
ការអំពាវនាវដូចនេះរបស់ លោក ថង សាវុន គឺបានធ្វើឡើងនៅក្នុងឱកាសដែលលោក រួមទាំងប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ នាថ្ងៃទី១៩ ខែកក្កដាកន្លងទៅនេះ។
ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ខណៈដែលមេឃនៅតែបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូច្នេះ អាជ្ញាធរមូលដ្ឋាន រួមទាំងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ និងសិក្សាអំពីស្ថានភាពកម្ពស់ទឹក បើទោះបីពេលនេះស្ថានភាពកម្ពស់ទឹកនៅពុំទាន់ឡើងដល់កម្រិតប្រកាសអាសន្នក៏ដោយ។
បន្ថែមពីនេះ លោក បានបន្តថា ក្នុងស្ថានភាពនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមវិធានការណ៍ទប់ស្កាត់ និងមធ្យោបាយសង្គ្រោះ ដើម្បីត្រៀមអន្តរាគមន៍ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ ឲ្យត្រូវអនុវត្តន៍ឲ្យបាននូវអនាម័យជាប់ជានិច្ច ដោយត្រូវហូបស្អាត ផឹកស្អាត រួមទាំងការអនាម័យខ្លួនប្រាណ និងសម្ភារៈប្រើប្រាស់ ដើម្បីជៀសវាង និងបង្កឲ្យកើតមាននូវជំងឺរាតត្បាតណាមួយកើតឡើង៕
Source: Kampuchea Thmey Daily
0 Comments