Ad Code

យុទ្ធនាការ​ឃោសនាបោះឆ្នោត​លើក​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និសីទ​កោះ​ពេជ្រ មាន​មនុស្ស​ចូលរួម​៣៥០០០​នាក់



ភ្នំពេញ ​៖​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និសីទ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៨​​ ក្រោម​វត្តមាន​សម្តេច​វិ​បុល​សេនា​ភក្តី​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សមាជិក​ចូលរួម​ប្រមាណ​៣៥០០០​នាក់ មកពី​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​។​

កម្មវិធី បើក​យុទ្ធនា​ការឃោសនា​ជា​លើក​ទី​៣​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ បានចាប់ផ្តើម​ឡើង​នៅ​ម៉ោង ៧​និង​៤០ ព្រឹក ជាមួយនឹង​ការ ថ្លែង​សន្តរកថា​របស់​សម្តេច​វិ​បុល​សេនា​ភក្តី រួច​ទើប​ក្បួន​ឃោសនា​ធ្វើដំណើរ​បានចេញ​ពី​កោះ​ពេជ្រ ដោយ​បែប​ចែកជា​២​ខ្សែ​ដើម្បី​ដង្ហែ​ក្បួន ក្នុងនោះ​ខ្សែ​ទី​១ ចាក​ចេញពី​កោះ​ពេជ្រ មកដល់​នាគ​បាញ់​ទឹក បត់​ឆ្វេង​ឡើង​ផ្លូវ​សុធារស បន្ត​មក​ផ្លូវ ម៉ៅ​សេទុង បត់​ឆ្វេង​ឡើង​មុនី​វង្ស ឡើងលើ​ស្ពាន​ព្រះមុនីវង្ស បត់​ស្តាំ​មក​ផ្លូវ​ព្រែកប្រា​( ផ្លូវ​៣៦៩) ឆ្ពោះ​មក​ស្ពាន​ព្រែក​សំរោង បត់​ឆ្វេង​មក​ស្តុ​ប​Tiger បត់​ធ្វេង​មក​ផ្លូវជាតិ​លេខ​១ បន្ត​ឡើង​មក​កាន់​ស្ពាន​ព្រះមុនីវង្ស​វិញ ទើប​បន្ត​មក​ក្បាលថ្នល់ ផ្លូវ​២៧១ ឡើង​ផ្លូវ​៣៧១ បន្ត​ឡើង​មក​ស្ពានដែក ហើយ​បន្ត​បត់​ឆ្វេង​ឡើង​ផ្លូវ​២១៧ ទៅ​ស្តុ​ប​ចំការ​ដូង បត់​ស្តាំ​ទៅ​ផ្លូវ​ព្រៃ​ស បត់​ស្តាំ​ទៅ​ផ្លូវ​បេតុង​មុខ​វត្ត​ធម្ម​ត្រៃ ឆ្ពោះ​មក​ផ្លូវ​៣០​ម៉ែត្រ មក​ផ្លូវ​ផ្សារ​ទួល​ពង្រ បត់​ស្តាំ​មក​ផ្លូវ​ចោមចៅ ហើយ​ទើប​មក​បំបែក​គ្នា​នៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​

ដោយឡែក​សម្រាប់​លោក​ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មហាជន​និង​ក្រុមយុវជន​រាជធានី​ក​ខ្សែ​ទី​២ ដោយ​ចេញពី​កោះ​ពេជ្រ​នៅ​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ដូចគ្នា ឆ្ពោះ​មកកាន់​រង្វង់​មូល​ជួន ណាត មក​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិ បន្ត​មកក្រោម​ស្ពាន​ជ្រោយចង្វា បន្ត​មក​ផ្លូវជាតិ​លេខ​៥ មកក្រោម​ស្ពាន​ព្រែក​ព្នៅ ផ្សារ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ បត់​ឆ្វេង​ចូល​វត្ត​ច័ន្ទ​បុរី​វង្ស ខណៈ​ហួស​វត្ត​២​គីឡូម៉ែត្រ បត់​ឆ្វេង​ចូល​ផ្លូវ​បេតុង​សំរោង បត់​ឆ្វេង​ចូល​ផ្លូវ​១៥១ ឡើងមក​ផ្សារ​ព្រែក​ព្នៅ ឡើង​ផ្លូវជាតិ​លេខ​៥ មក​ស្ពាន​ព្រែក​ព្នៅ បត់​ស្តាំ​បន្តទៅ​ផ្លូវ​កប់​ស្រូវ រួច​បត់​ឆ្វេង​ចូលមក​ផ្លូវ​ហាណូយ បន្ត​មក​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ កាត់​មក​ផ្លូវ​ទ្រុងមាន់ បន្ត​បត់​ស្តាំ​ទៅ​ឡើង​ផ្លូវ​ចោមចៅ​ហៅ​ផ្លូវ​វេ​ង ស្រេង រួច​បាន​បំបែក​គ្នា​នៅមុខ​បញ្ជាការ​ប៉េ​អឹម​រាជធានី​ភ្នំពេញ​។​

គួរបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង ហើយ​សម្រាប់​យុទ្ធនា​ការឃោសនា​ជា​លើក​ទី​៣ នា​ព្រឹក​ថ្ងៃទី​២២ កក្កដា​នេះ គេ​សង្កេតឃើញ​មាន​គណបក្ស​ចំនួន​៥ ដែល​ធ្វើ​សកម្មភាព​ឃោសនា។

ពាក់ព័ន្ធ​នឹង​ការឃោសនា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១​ខែកក្កដា​នេះ ក៏បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការ​បញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន ក្នុងការ​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក្នុង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu