Ad Code

ការ​ជួសជុល​ឡើងវិញ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល សម្រេច​បាន​១០០​ភាគរយ​ហើយ



ភ្នំពេញ ​៖​ បន្ទាប់ពី​ជំនន់​ទឹក​ភ្លៀង​បាន​ស្រក លែង​គំរាមកំហែង​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន ក្រសួង ធនធានទឹក បើក​យុទ្ធនាការ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជួសជុល ឡើងវិញ គិត​មកដល់ពេលនេះ សម្រេច​ជោគជ័យ​១០០​ភាគរយ​ហើយ​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ក្រោយពី ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត បាន និង​កំពុង​វិល​ទៅរក​ស្ថាន​ភាពជា​ប្រក្រតី វិញ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឱ្យ​បើក​យុទ្ធនា​ការជួសជុល​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ឡើងវិញ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​បែង​ចែក​ជា ០៥ មុខព្រួញ និង​ប្រើប្រាស់​គ្រឿងចក្រ​ជិត ៥០ គ្រឿង ពិសេស​ផ្តោតទៅលើ​កន្លែង​ដែល​មាន​ការ​ហូរ​ច្រោះ (​រន្ធ​នាគ​)។ គិត​មកដល់​រសៀល​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ ការងារ​ជួសជុល​សម្រេច​បាន​ជាង​៩០% ហើយ។

​ក្រសួង បន្តថា គិត​មកដល់ ថ្ងៃទី ២៦​នេះ ​យុទ្ធនាការ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​ជួសជុល​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ឡើងវិញ បាន​រួចរាល់​ជា​ស្ថាពរ​ហើយ។ យុទ្ធនា​ការជួលជុល​កែលំអ​ឡើងវិញ​នូវ​កន្លែង​ដែល​ជួបប្រទះ​នូវ​រូង​នាគ ត្រូវបានធ្វើ​ឡើងវិញ​យ៉ាងសកម្ម ជៀសវាង​នូវ​មហន្តរាយ​ដែល​អាច​កើតមាន​ជាយថាហេតុ។

​សូម​រំលឹកថា​ ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង នៅ​ស្ទឹង​ព្រែក​ត្នោត​និង ផ្លូវជាតិ​លេខ​៤ កាលពី​ថ្មីៗ​កន្លងមកនេះ​លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធាន​ទឹកបាន បង្កើត​ក្រុម​ការ​ងារ​២៤​ម៉ោង​លើ​២៤​ម៉ោង ជា​៦​ក្រុម​ដើម្បី​ពិនិត្យ​និង​តាមដាន​ជួយ​អន្តរា​គម​ន៍​ប្រសិនបើ​មានការ​ចាំបាច់ ក្រុមទី​១៖ ត្រូវ​ប្រចាំការ​តាមដាន​លើ​ស្ថានភាព​ទឹកជំនន់ និង​របាយ​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រួច​, ក្រុមទី​២៖ ត្រូវ​ប្រចាំការ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ ហើយ​ត្រូវ​បន្ត​បើកទ្វារ​ទាំងអស់​ទម្លាក់​កម្ពស់​ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​ទាប ដើម្បី​ស្រូបយក​ទឹកជំនន់ ពី​ស្ទឹង​ស្រែខ្លុង​បាន​លឿន​, ក្រុមទី​៣៖ ដែល​កំពុង​ប្រចាំការ​នៅ​ទំនប់​៧​មករា (​កំពង់ទួល​) ត្រូវ​បន្ត​រំដោះ​ទឹក​ចេញ​បន្ថែម ដើម្បី​កុំ​ឲ្យ​ចាល់​ទឹក​ដែល​ទម្លាក់​ពី​កំពង់ស្ពឺ​ទៅ ហើយ​ពេល​ទឹក​ពី​កំពង់ស្ពឺ ទៅដល់​កំពង់ទួល ក្រុមការងារ​ត្រូវ​ចាត់ចែង​បែងចែក​ទឹក​នេះ​ជា​០២​ផ្នែក គឺ​មួយ​ផ្នែក​ត្រូវ​បង្វែរ​ចូល​ទៅ​ទន្លេបាទី តាមរយៈ​ប្រឡាយ​លេខ​៧៨ និង​តាមរយៈ​ស្ទឹងតូច ឯ​មួយ​ផ្នែក​ទៀត ត្រូវ​ទម្លាក់​តាម​ព្រែក​ហូរ ចូល​ទៅ​ទន្លេបាសាក់​។​

​ក្រុមទី​៤ និង​ក្រុមទី​៥ ៖ ត្រូវ​ប្រចាំ​ការ​តាមដាន​ស្ថានភាព​ទឹក និង​របាយ​ទឹកភ្លៀង នៅ​ស្ទឹង​តា​សាល ស្ទឹង​ឃ្លៀច និង​ស្ទឹង​អូរ​តូចៗ​មួយ​ចំនួនទៀត ដែល​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត និង​ក្រុម​ទី​៦៖ (​ក្រុម​គ្រឿងចក្រ​ធុន​ធ្ងន់​) ត្រូវ​ត្រៀមលក្ខណៈ​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​អន្តរាគមន៍​ក្នុងករណី​ចាំបាច់ ក៏ដូចជា​ត្រៀម​ជួសជុល​ឡើងវិញ​ជាបន្ទាន់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ដែល​អាច​រង​ការខូចខាត​ដោយ​ទឹកជំនន់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu