Ad Code

អ្នកគាំទ្រ​លោក Khan បាន​អបអរសាទរ​ ខណៈដែល​ប្រទេស​ប៉ា​គី​ស្ថាន​ប្រឈមមុខ​នឹង​ភាព​ច្របូកច្របល់​នៃ​ការបោះឆ្នោត



​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ជួបប្រទះ​នឹង​ភាពច្របូកច្របល់​នៃ​ការបោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ខណៈ​គណបក្ស​កំពុងកាន់​អំណាច​ដែល​ផុត​អាណត្តិ​បានប្រកាស​អំពី “​ការ​ក្លែងបន្លំ​ដោយ​ឥត​លាក់លៀម​” នៅក្នុង​ការបោះឆ្នោត​ហើយ​បដិសេធ​លទ្ធផល​ក្រៅផ្លូវការ​ដែល​បង្ហាញ​ពី​ជ័យជំនះ​ដល់​អតីត​ម្ចាស់​ជើងឯក​កីឡា​គ្រី​ក​ឃី​ត​លោក Imran Khan ។​

លទ្ធផល​នៅតែ​កំពុង​ត្រូវបាន​គេ​កត់ត្រា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អ្នកគាំទ្រ​លោក Khan បាន​ចេញមក​តាម​ដង​ផ្លូវ​ដើម្បី​អបអរ​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​មួយ​ដែល​ខាង​គូប្រជែង​និយាយថា យោធា​ដ៏​មានអំណាច​បានធ្វើ​ការលួចបន្លំ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា សន្លឹកឆ្នោត​តិចជាង​ពាក់កណ្តាល​ត្រូវបាន​គេ​រាប់​ក្នុង​រយៈពេល​ជាង​១៣​ម៉ោង​បន្ទាប់ពី​ការបោះឆ្នោត​ត្រូវ​បិទ​។ វា​ជាការ​ពន្យារពេល​មិន​ធ្លាប់មាន​ពីមុនមក​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​ជាទូទៅ​លើ​ភាពស្របច្បាប់​នៃ​ការអនុវត្ត​។​

ប៉ុន្តែ​គណៈកម្មាធិការ​បោះឆ្នោត​ប៉ា​គី​ស្ថាន​បាន​ច្រានចោល​ការចោទប្រកាន់​អំពី​ការ​ក្លែងបន្លំ​។​
​ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​លោក Sardar Muhammad Raza បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា “​ការបោះឆ្នោត​នេះ​មាន​ភាពយុត្តិធម៌​និង​តម្លាភាព​១០០​ភាគរយ​”​។ យ៉ាងណាក្តី លោក Raza មិនបាន​និយាយ​ទេ​ថា​តើ​នៅពេលណា​ទើប​អាជ្ញាធរ​បោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​។​

កាលពី​ល្ងាច​ថ្ងៃ​ពុធ គណបក្ស Pakistan Muslim League-Nawaz (PML-N) ដែល​ឡើងកាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​នោះបាន​ច្រានចោល​លទ្ធផល​នេះ​ព្រោះតែ “​ការបន្លំ​ទាំងស្រុង​”​។​

មេដឹកនាំ​គណបក្ស​លោក Shahbaz Sharif ដែល​ត្រូវជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ជាប់ពន្ធនាគារ Nawaz Sharif បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា “​អ្វីដែល​ពួកគេ​ធ្វើ​ថ្ងៃនេះ​គឺ​បាន​ជំរុញ​ប្រទេស​ប៉ា​គី​ស្ថាន​ឲ្យ​ដើរ​ថយក្រោយ​៣០​ឆ្នាំ​។ ប្រជាជន​នឹងមិន​ទទួលយក​វា​ទេ​”​។​

បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​ទាំងអស់​សុទ្ធតែ​បាន​ព្យាករណ៍​អំពី​ជ័យជំនះ​ដល់​គណបក្ស Pakistan Tehreek-e-Insaf របស់លោក Khan ដោយ​មកទល់ពេលនេះ​លទ្ធផល​នេះ​នឹង​ផ្តល់​ឲ្យ​គាត់​យ៉ាងហោចណាស់​១០០​អាសនៈ​នៅ​រដ្ឋសភា​ដែលជា​សភា​ជាន់​ទាប​។​
​សំឡេង​ភាគច្រើន​នៃ​អាសនៈ​១៣៧​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu