Ad Code

លោក វេ​ង សាខុន ផ្តល់ ម៉ូតូ និង កុំព្យូទ័ ជូន​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE)



ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន កាលពី ថ្ងៃ​ចន្ទ ១០​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ បាន ចែក​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ ជូន​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) នៅ​ទីស្តីការក្រសួង សាល​ប្រជុំ​សែន​ពិដោរ​។



​តាម​ការ​រាយការណ៍​របស់​លោក​បណ្ឌិត​មាស ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​កម្មវិធី ASPIRE បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​លើកកម្ពស់ និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវាកម្ម​កសិកម្ម ដែល​ឆ្លើយតប​នឹង​តម្រូវការ​កសិករ​ខ្នាតតូច ដែល​មាន​ទំហំ​ផលិតកម្ម​តូច​ចំនួន ១២០ ពាន់​គ្រួសារ ក៏ដូចជា​ជួយ​កសិករ​ដែល​មាន​ទំហំ​ផលិតកម្ម​តូច ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​អាចធ្វើ​ធុរកិច្ច​កសិកម្ម និង​ទទួល​បាន​ប្រាក់​ចូល​ខ្ពស់ ហើយ​មាន​ភាព​ធន់​នឹង​អាកាសធាតុ ក្នុង​គោលដៅ​កាត់បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​ភាព​ធន់​រប​ស់ក​សិ​ករ​។



សូម​បញ្ជាក់ថា កម្មវិធី​នេះ​ជា​កម្មវិធី​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដោយ​ប្រើប្រាស់​ថវិកាជាតិ រួមជាមួយ​នឹង​អង្គការ​មូលនិធិ​អន្តរជាតិ លើកដំបូង​សម្រាប់​អភិវឌ្ឍ​កសិកម្ម IFAD សរុប ៥២.៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អនុវត្ត​នៅ​ខេត្ត​គោលដៅ​ចំនួន ១១​ខេត្ត គឺ​ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង​រយៈពេល ៧​ឆ្នាំ​ពីថ្ងៃ​៥ មីនា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​៣១ មីនា ឆ្នាំ​២០២២​។

អ្វី​ដែល​ជាទី​មោទនៈ​នោះ​គឺ ដោយ​រាជរដ្ឋាភិបាល និង​អង្គការ IFAD បា​ន​សង្កេត​ឃើញថា​កម្មវិធី​នេះ​បាន និង​កំពុង​ដំណើរការ​ល្អ និង​កំពុង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា រាជរដ្ឋាភិបាល​បានសម្រេច​ពង្រឹង និង​ពង្រីក​កម្មវិធី​នេះ​ឲ្យ​គ្រប​ដណ្តប់​ទូទាំងប្រទេស តាមរយៈ​បង្កើន​ថវិកា​ជាង ១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប​ន្ថែ​ម​ទៀត ដោយ​គ្រោង​អនុវត្ត​នា​ឆ្នាំ​២០១៩​ខាងមុខនេះ​។



ក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​កម្មវិធី​នេះ ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​។ ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បន្ត​យកចិត្តទុកដាក់ ពង្រីក​ចំណេះ​ដឹង ភាព​ឆ្លាត​វៃ ភាព​ច្នៃប្រឌិត និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​បន្ត​ដើរ​តួនាទី​ជា​គ្រូ និង​ដៃគូ​យ៉ាង​មាន​សមត្ថភាព​និង​ប្រសិទ្ធភាព​ដល់​ប្រជាកសិករ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាកសិករ​មាន​ភាព​រឹង​ពឹង និង​ភាព​ម្ចាស់ការ​ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​នេះ​នា​ពេលដែល​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់ "​ទូក​ទៅ កំពង់​នៅ​" ។ ត្រូវ​ចូលរួម​ជាមួយ​ប្រជាកសិករ​ក្នុងការ​សិក្សា​ស្វែងយល់​ឲ្យ​បាន​លំអិត​អំពី​តម្រូវការ​នៃ​ទីផ្សារ ដូចជា​ប្រភេទ​នៃ​ដំណាំ ផលិតភាព គុណភាព និង​ការ​វេច​ខ្ចប់​។ គួរ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ប្រើប្រាស់ និង​ថែរក្សា​ការពារ​សម្បត្តិ​រដ្ឋ ដូចជា​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ​ដែល​ប្រគល់ជូន​នា​ថ្ងៃនេះ​។ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម សាលា​ជាតិ​កសិកម្ម និង​សាលា​កសិកម្ម​ដទៃទៀត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ដូចជា​ស្រាវជ្រាវ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មី​ទំនើប​សម្រាប់​ប្រជាកសិករ​ដើម្បី​កាត់បន្ថយ​កំលាំង​ពលកម្ម បង្កើន​ផលិតភាព គុណភាព និង​ប្រាក់ចំណូល ធ្វើ​យ៉ាង​ណា​ដើរទា​ន់​កំណើន​សេដ្ឋកិច្ចជាតិ ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។



សូម​បញ្ជាក់​ផង​ដែរ​ថា ពិធី​ចែក​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ​នា​ថ្ងៃនេះ គឺជា​ថវិកា​ជំនួយ​របស់​រាជរដ្ឋាភិបាល​សុទ្ធសាធ ដែល​ចែក​ជូនទៅ​ខេត្ត​គោលដៅ​ទាំង ១១ ដោយមាន​ទោចក្រយានយន្ត​សរុប​ចំនួន ១៧៨​គ្រឿង និង​កុំព្យូទ័រ​បន្ទះ ៥៦០​គ្រឿង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu