ភ្នំពេញ ៖ ស្របពេលដែលទឹកជំនន់ទន្លេនៅតែជាបញ្ហាប្រឈមនៅឡើយនោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកត្រូវ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមដងទន្លេ។
ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា នេះ នៅសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹង នៅក្រោយកិច្ចប្រជុំនេះថា ក្នុងកិច្ចប្រជុំនោះ អភិបាលរាជធានីលោកឃួង ស្រេង បានមានប្រសាសន៍ថា បញ្ហាទឹកជំនន់ទន្លេ គឺជាកង្វល់មួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ផ្នែក ពិសេសបញ្ហាបាក់ច្រាំងទន្លេ ដោយត្រូវត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ចាត់វិធានការបន្ទាន់ នៅពេលមានករណីណាមួយកើតឡើង ត្រូវធានាបានក្នុងការសង្គ្រោះអាយុជីវិត ឬ បង្ការមិនឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនោះឡើយ គឺត្រូវចុះតាមដាន នូវស្ថានភាពទឹកជាប្រចាំ ពិសេសខណ្ឌដែលនៅតាមដងទន្លេ។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរាជធានីបានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធផ្តល់សេវា តាមច្រកចេញចូលតែមួយ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋ តាមគោលការណ៍ណែនាំ នៅគ្រប់សង្កាត់ ដោយមិនឱ្យមានការរាំងស្ទះណាមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះទេ។ បន្ថែមពីនេះ លោកអភិបាលក៏បានស្នើឱ្យ ស្នងការនគរបាល ចេញសេចក្តីជូនដំណឹងឱ្យគ្រប់យានយន្តទាំងអស់ ជាពិសេសចំពោះម៉ូតូកង់បី ឱ្យទៅចុះបញ្ជីដោយទុករយៈពេលសមស្របណាមួយ ដើម្បីគ្រប់គ្រងឱ្យបានគត់មុត នៅពេលមានករណីណាមួយកើតឡើង។
លោក អភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា នៅពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញមោទនភាព ដែលកងកម្លាំងសមត្ថកិច្ចរួមគ្នា ជាមួយអាជ្ញាធរដែនដី ខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរជូនប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments