Ad Code

ការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ ​នៅមាន​ការខ្វះខាត​នៅឡើយ



ភ្នំពេញ​ ៖ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ននេះ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ ​មានការ​ខ្វះខាត​នៅឡើយ​ ដោយ​ផ្គត់ផ្គង់​បានតែ​ជាង​៥៦​ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ​ខណៈ​តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​មាន​រហូតដល់​ទៅ​ជាង​៦០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៨ ​ក្រោយពី​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បញ្ចប់​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ទឹក​ស្អាត​និរោធ នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ឲ្យ​ដឹង​ថា «សព្វថ្ងៃ​ហ្នឹង​យើង​មានលទ្ធភាព​ក្នុង​ការ​ផលិត​ទឹក និង​ចែកចាយ​ទឹក​ទូទាំង​រាជធានី​ភ្នំពេញ ៥៦​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ហើយ​មួយឆ្នាំៗ​រដ្ឋាករទឹក​ក្រុងភ្នំពេញ​ផលិត​ទឹកស្អាត ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ​ប្រើប្រាស់​ប្រមាណ​១៧០​លាន​ម៉ែត្រគូប ដូច្នេះ​ពលរដ្ឋ​ទទួល​បាន​សេវាកម្ម​ពី​រដ្ឋាករទឹក​ប្រមាណ​៣៣០​ពាន់​គ្រួសារ​។ ចំនួន​នេះ​នៅ​មាន​ភាព​ខ្វះខាត នៅឡើយ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​»​។



ប្រទេស​បារាំង​បាន​ជួយ​ដល់​រដ្ឋាករទឹក​ក្រុងភ្នំពេញ មាន​ផ្នែក​បច្ចេកទេស ផ្នែក​ឥណទាន ផ្នែក​ហិរញ្ញប្បទាន ដែល​នៅ​រោងចក្រ​ផលិត​ទឹកស្អាត និ​រោគ​ត្រូវ​បាន​បារាំង​ផ្តល់ប្រាក់​កម្ចី សម្រាប់​សាងសង់​ស្ថានីយ​បូមទឹក​ឆៅ ពី​ទន្លេមេគង្គ​នាពេល​បច្ចុប្បន្ននេះ។

លោក ស៊ឹម ស៊ីថា បញ្ជាក់ថា បារាំង​បាន​ផ្តល់​ជំនួយឥតសំណង​ជា​ដំណាក់កាល គឺ​ទី​១៖​បានផ្តល់​ប្រាក់​ជំនួយ​ប្រមាណ​៣០​ម៉ឺន​អឺរ៉ូ និង​ក្រោយមក​ប្រមាណ​៥០​ម៉ឺន អឺរ៉ូ​ក្នុង​គម្រោង​បដិភាគ​សិក្សា​ប្លង់​មេ​ជាដើម​។

លោក​អគ្គនាយក បាន​បន្តថា​ថា​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ មិន​គ្រប់គ្រាន់​នេះ​ជា​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ជាយក្រុង​ព្រោះ​កាលណា​នៅ​ជាយក្រុង​ប្រើប្រាស់​ទឹក​ច្រើន បានធ្វើ​ឲ្យ​សំពាធ​ទឹក​នៅ​កណ្ដាល​ក្រុងភ្នំពេញ មានការ​ថយចុះ​មួយកម្រិត ដោយសារ​រោងចក្រ​ផលិត​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ មាន​៤​កន្លែង​ប៉ុណ្ណោះ​។

លោក ស៊ឹម ស៊ីថា បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ក៏មាន​គម្រោង​កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ធំៗ​បន្ថែមទៀត ដើម្បី​ទាន់​តម្រូវការ​ពលរដ្ឋ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ និង​ជាយក្រុង​ផងដែរ​។

សូម​រំលឹកថា រដ្ឋាករទឹក​រាជធានី​ភ្នំពេញ បាន​ចាប់​កំណើត​ឡើង​នៅ​ឆ្នាំ​១៩៥៩ ដោយមាន​ការតែងតាំង​ជា​ផ្លូវការ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​១៩៦០ ជា​អង្គភាព​ផលិតកម្ម និង​អាជីវកម្ម​របស់​រដ្ឋ​ចំណុះ​ផ្ទាល់​សាលាក្រុង​ភ្នំពេញ ហើយ​ដែល​បាន​ប្រសិទ្ធ​នាម​ជា​ផ្លូវការ​ថា «​រដ្ឋាករទឹក​ភ្នំពេញ​»​។​

អង្គភាព​នេះ មាន​ភារកិច្ច​ផលិត​ទឹកស្អាត និង​ផ្គត់ផ្គង់​បម្រើ​តាម​សំណូមពរ​ប្រើប្រាស់​របស់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​ធានា​តុល្យភាព​ចំណូល​-​ចំណាយ លើ​ការងារ​ផលិតកម្ម និង​វិនិយោគ​ផងដែរ​។ បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ បាន​កើន​ឡើងដល់​ប្រមាណ​១,៧​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​ជាង​១៥​លាន​នាក់ នៅ​ទូទាំងប្រទេស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu