ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ នឹងឈប់ទទួលពាក្យចុះបញ្ជីឈ្មោះក្រុមចូលរួមប្រកួតនៅថ្ងៃសុក្រ សប្ដាហ៍នេះ ខណៈគោលដៅបឋមគឺទទួលតែក្រុមចូលរួមចំនួន២៣ក្រុមប៉ុណ្ណោះ ដោយប្រកួតនឹងប្រើប្រាស់ទីលានចំនួន២ផ្សេងគ្នា ហើយដំណើរការរយៈពេលប្រមាណជា៣ខែ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រកួតបានបញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលពាក្យចុះឈ្មោះសម្រាប់រដូវកាលទី២ ឆ្នាំ២០១៨ បានកែប្រែជាលើកទី២ ពីថ្ងៃទី២២ កក្កដា ទៅថ្ងៃសុក្រ ទី១០ ខែសីហា សប្ដាហ៍នេះវិញ។ ការផ្លាស់ប្ដូរនេះដោយសារតែមានសំណូមពរពីក្រុមមួយចំនួននៅតាមបណ្ដាខេត្តដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែងនៅរដូវកាលថ្មី។
តាមគម្រោងការប្រកួតពានរង្វាន់បាល់ទាត់សម្តេចចក្រី ឆ្នាំទី២នេះនឹងដំណើរការពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយប្រើប្រាស់ទីលានពហុកីឡដ្ឋានជាតិ និងទីលានស្មៅសប្បនិមិត្តឯកជន KMH នៅរាជធានីភ្នំពេញ។ ចំណែកការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតនឹងធ្វើឡើងនៅទីលានបាល់ទាត់ KMH ភូមិត្រពាំងថ្លឹង សង្កាត់ពោធិសែនជ័យ រាជធានីភ្នំពេញ (រោងចក្រដំបូលខៀវ)។
តំណាងគណៈកម្មការប្រកួតបានបញ្ជាក់ថា ក្លិបចំនួន៣២ នឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់នេះ (អាទិភាពសម្រាប់អ្នកដាក់ពាក្យបានមុន)។ សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ឬចង់ដឹងព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧ ៨៦៦ ០៧៧/ ០៩៣ ៧៩៤ ៩៤៧/ ០១៥ ២៩២ ៩៩១។
សូមបញ្ជាក់ថាពានរង្វាន់សម្តេចចក្រីឆ្នាំដំបូង កាលពីឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន១៨ក្រុមដោយចែកជាពូលផ្សេងៗគ្នាដើម្បីប្រកួតជម្រុះ។ ជាលទ្ធផលក្រុមជើងឯកបានទៅក្រុមអាណាចក្របៃតង ដែលកាលនោះទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១ និងប្រាក់រង្វាន់ ២៤,០០០,០០០ រៀល ហើយក្រុមសម្ព័ន្ធយុវជនម៉ូស្លីមដែលទទួលបានជើងឯករងទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង និងទឹកប្រាក់ចំនួន១២,០០០,០០០ រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមពិស្ណុការ ទទួលបានទឹកប្រាក់៦,០០០,០០០រៀល ហើយក្រុមOld Town Garden ទទួលបានពានរង្វាន់ Fair Play។
កាលពីឆ្នាំដំបូងលោក ធុល នាង ទីប្រឹក្សាផ្ទាល់សម្តេច ហេង សំរិន និងជាប្រធានគ្រប់គ្រងការប្រកួតបានធ្លាប់បានលើកឡើងថា ប្រកួតនេះផ្តោតទៅលើយុវជនកម្ពុជា គឺមិនអនុញ្ញាតឲ្យកីឡាករបរទេសចូលរួមនោះទេ ព្រោះឲ្យយុវជនបានបញ្ចេញសមត្ថភាព។ គណៈកម្មការរំពឹងថា ការប្រកួតពានមួយនេះ ជួយជំរុញឲ្យយុវជនកម្ពុជាក្លាយទៅជាកីឡាករអាជីព អាចចូលរួមក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments