យោងតាមសេចក្តីជូនដំណឹងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា នឹងអញ្ជើញអ្នកជំនាញពីលីគកំពូលជប៉ុន (J-League) ចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្ដីពីទីផ្សារដល់ក្លិបទាំង១២នៅក្របខណ្ឌលីគកំពូលកម្ពុជា (Metfone Cambodian League)។
លោក ឈី កុលបុត្រា ប្រធានការិយាល័យទីផ្សារ និង ផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបញ្ជាក់ថា គម្រោងនេះអាចនឹងធ្វើឡើងអំឡុងខែសីហានេះក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារបាល់ទាត់នៅកម្ពុជាឱ្យទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីមហាជននិងម្ចាស់ឧបត្ថម្ភនានា។
ប្រភពខាងលើបន្តថា «នេះជាលើកទី១ដែលមានការបង្កើតសិក្ខាសាលាទីផ្សារសម្រាប់ក្លិបទាំង១២នៅកម្ពុជា។ គោលបំណងសំខាន់គឺដើម្បីផ្ដល់បទពិសោធដល់ក្លិបទាំងអស់នៅក្របខណ្ឌ Metfone Cambodian League ស្ដីពីជំនាញទាក់ទាញអ្នកឧបត្ថម្ភ, ការចរចាជាមួយក្រុមហ៊ុន, ការរៀបចំព្រឹត្តិការណ៍នៅកីឡដ្ឋាន និង អំឡុងការប្រកួតដើម្បីស្រូបទាញអ្នកទស្សនាឲ្យកាន់តែផុសផុល។ ជាមួយគ្នានេះដែរ ក្លិបទាំង១២ក៏នឹងទទួលបានបទបង្ហាញល្អៗ និង ជជែកពិភាក្សាជាមួយអ្នកជំនាញពី J-League»។
ដើមចមដែលបណ្តាលឱ្យមានវគ្គសិក្សានេះឡើងគឺដោយសារតែភាគីកម្ពុជា ធ្លាប់ចូលរួមសិក្ខាសាលាខាងលើនៅប្រទេសជប៉ុនអំឡុងឆ្នាំ២០១៧កន្លងទៅ ដោយមានការអញ្ជើញពីក្របខណ្ឌ J-League ផ្ទាល់តែម្ដង។ លោក ឈី កុលបុត្រា រំពឹងថា សិក្ខាសាលានេះមិនត្រឹមតែជាប្រយោជន៍ខ្លាំងដល់ក្លិបទាំង១២ប៉ុណ្ណោះទេ តែក៏ជាផ្នែកនៃការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។ សម្រាប់កាលបរិច្ឆេទសិក្ខាសាលាទីផ្សារនេះ CNCC នឹងជូនដំណឹងនាពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments