Ad Code

ឃុំខ្លួន​គ្រូបង្រៀន​ម្នាក់​ដែល​គំរាម​សម្លាប់​គេ​តាម​ហ្វេ​ស​បុក



ភ្នំពេញ ៖ គ្រូបង្រៀន​ម្នាក់ ដែល​ប្រើ​បណ្តាញ​សង្គម Facebook គំរាម​សម្លាប់ មន្ត្រី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ Active People ត្រូវ​បាន លោក កី ម៉ា​នេ​រ៉ា ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​សម្រេច​បង្គាប់​អោយ​ឃុំខ្លួន​ព្រៃស ជា​បណ្តោះអាសន្ន។

សមត្ថកិច្ច​ខណ្ឌ ៧​មករា បាន​ឲ្យ​ដឹង​ថា ក្រោយ​បើក​ការ​ស៊ើបសួរ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លើ​ឈ្មោះ យ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ គ្រូបង្រៀន ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ យោងតាម​មាត្រា ២៣៣​នៃ​ក្រមព្រហ្មទណ្ឌ​។

បើ​យោង​តាម​បទចោទប្រកាន់​នេះ ជន​ត្រូវ​ចោទ អាច​នឹង​ប្រឈម​ការ​ផ្តន្ទាទោស​ដាក់គុក កំណត់​រយៈពេល ពី​៦​ខែ ទៅ​២​ឆ្នាំ​។

ពាក់ព័ន្ធ​តាម​របាយការណ៍​សមត្ថ​កិច្ច​ជន​ត្រូវ​ចោទ​បាន​ប្រើប្រាស់ បណ្តាញ​ទំនាក់ទំនង​សង្គម Facebook គំរាម​សម្លាប់​ជនរងគ្រោះ​ឈ្មោះ សុន គីម​សា ភេទប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក មីក្រូហិរញ្ញវត្ថុ Active People ទីលំនៅ​ផ្ទះ​លេខ ៣១ E0 ផ្លូវ ៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ក្រោយ​កើតមាន​បញ្ហា​សមត្ថកិច្ច​ជំនាញ ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន ជនសង្ស័យ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​លេខ​៣១ ផ្លូវ​២១៤ ភូមិ ៥ សង្កាត់ បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​របស់​ជនរ​ង​គ្រោះ ដោយ​ប្តឹង​ចោទ​ប្រកាន់​ថា ជនសង្ស័យ បាន​គំរាម​សម្លាប់ តាម​បណ្តាញ​សង្គម Facebook ហើយ​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu