អតីតខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោនកីឡាករ Jorrin John បានចាកចេញពីក្លិបកាលពីជើងទី១ រដូវកាលឆ្នាំ២០១៨ នេះ ដោយសាររបួសកាលពីប៉ុន្មានខែមុន នៅពេលនេះបានទៅចូលរួមធ្វើជាគ្រូបង្វឹកក្នុងអង្គការបង្ហាត់បាល់ទាត់ Elite Soccer Coaching-Cambodia ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីអង្គការបាល់ទាត់ខាងលើ កីឡាកររូបនេះធ្លាប់ទទួលបានសញ្ញាបត្រគ្រូបង្វឹកកម្រិត ២ (FA Level 2 coach) ពីសហព័ន្ធបាល់ទាត់អង់គ្លេស អំឡុងលេង និងហ្វឹកហាត់នៅក្លឹបលីកកំពូលអង់គ្លេស Leicester City បូករួមជាមួយបទពិសោធន៍លេងបាល់នៅជម្រើសជាតិកោះ Antiguaរបស់ខ្លួន បទពិសោធន៍នៅប្រទេសថៃ និងពិសេសនៅភ្នំពេញក្រោនមួយរយៈផងដែរ។
បើតាមវេបសាយ Elite Soccer Choaching-Cambodia កីឡាកររូបនឹងក្លាយជាគ្រូបាល់ទាត់អាជីពចាប់ពីសប្ដាហ៍ក្រោយនេះតទៅ។ កីឡាករ Jorrin John លេងភ្នំពេញក្រោនក្នុងលីគកំពូលកម្ពុជាអំឡុងជើងទី១រដូវកាល២០១៨គឺកើតឡើងអំឡុងពេលក្រុមភ្នំពេញក្រោន ចាញ់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង។ ប៉ុន្តែរបួសនេះបានព្យាបាលរួចរាល់កាលពីពេលថ្មីៗនៅប្រទេសវៀតណាម។
កីឡាករ Jorrin John ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយក្រុមយុវជនរបស់ក្លិប Leicester មួយលើកបន្ទាប់មកត្រូវបានខ្ចីជើងឲ្យទៅក្លិប Kettering Town កាលពីឆ្នាំ២០១១ មុននឹងប្តូរមកលេងឲ្យក្លិប Muangthong United របស់ប្រទេសថៃ និងបន្តខ្ចីជើងទៅលេងនៅក្លិប Suphanburi នៅប្រទេសតំបន់អាស៊ានមួយនេះ។ សម្រាប់រដូវកាល ២០១២-២០១៣កន្លងមក រូបគេបានទៅលេងនៅក្លិបNonthaburi លុះនៅឆ្នាំ២០១៤ បានផ្ទេរទៅក្លិប Nuneaton Town និងលេងឲ្យក្លិប NK Domzale ក្នុងឆ្នាំ២០១៥ និងនៅឆ្នាំ២០១៦-១៧ រូបគេលេងនៅក្លិបHarrowby United មុនមកកាន់ប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments