ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីឲ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈលើវិស័យការងារកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិសេសរបស់ភាគីពាក់ព័ន្ធនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីព្រឹកថ្ងៃទី២៧សីហានៅសណ្ឋាគារសាន់វ៉េ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការជួយគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះគឺដើម្បីពង្រឹងនិរន្តរភាពស្ថាប័ន នេះឲ្យក្លាយជាស្ថាប័នមួយសម្រាប់ដោះស្រាយវិវាទការងារនៅឲ្យរោងចក្រ សហគ្រាសគ្រឹះស្ថាន ជាពិសេសការធ្វើពាណិជ្ជកម្មនិងការវិនិយោគទុននៅកម្ពុជាប្រកបដោយតម្លាភាពនិងឯករាជ្យនៅពេលដែលខាងភាគីរោងចក្រនិងសហជីពក៏ដូចជាក្រសួងការងារមិនអាចដោះស្រាយវិវាទបានជាសះ។
លោករដ្ឋមន្ត្រីបានជំរុញឲ្យនិយោជក សហជីព អង្គការជា តិនិងអន្តរជាតិនានាបន្តជួយគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្ថែមទៀត ដើម្បីឲ្យស្ថាប័ននេះបានបន្តការងាររបស់ខ្លួនប្រកបដោយនិរន្តរភាពក្នុងការជួយដោះស្រាយវិវាទការងារផ្សេងៗ។
លោករដ្ឋមន្ត្រីបានបន្តថា «ក្នុងភាពជាដៃគូក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធ អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដើម្បីឆ្ពោះទៅរកប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈមួយល្អប្រសើរ សម្រាប់ទាំងនិយោជក និងកម្មករនិយោជិត»។
លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្ថែមថា កិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ រួមទាំងការដោះស្រាយវិវាទការងារ ដោយគិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២,៦៥០ ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករនិយោជិតជាង ១លាននាក់ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥% ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យម១៧ថ្ងៃ។
លោកបណ្ឌិត អ៊ិតសំហេង បានបញ្ជាក់ថា តាមរយៈការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល សិទ្ធិរបស់កម្មករនិយោជិតនឹងត្រូវបានលើកកម្ពស់ស្របតាមបទបញ្ញត្តិច្បាប់ស្តីពីការងារក៏ដូចជា ការពង្រឹងការអនុវត្តច្បាប់ស្តីពី សហជីពកាន់តែធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈថែមទៀត ក្នុងនោះរួមមានទី១.ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ទី២.ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ទី៣.ជំរុញឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤.រួមចំណែកក្នុងការបង្កើត ការងារសមរម្យ និងទី៥.បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានវិវាទការងារក៏បានដើរតួយ៉ាងសំខាន់ ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាពផងដែរ តាមរយៈយន្តការផ្សះផ្សាវិវាទ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមជាមួយនឹងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដូចជាប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងប្រកាសស្តីពីការតែងតាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងច្បាប់ស្តីពីសហជីព ដែលទើបនឹងត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងមក។
លោកបណ្ឌិត អ៊ិត សំហេង បានឲ្យដឹងទៀតថា ជាលទ្ធផល ក្នុងឆ្នាំ២០១៧ នាយកដ្ឋានវិវាទការងារបានដោះស្រាយវិវាទបុគ្គលចំនួន ៤៧៦ករណី សះជា ២២៨ករណី មិនសះជាចំនួន ១៩១ករណី និងមោឃៈចំនួន ៥៧ករណី និងដោះស្រាយវិវាទការងាររួមចំនួន ១២៧ករណី សះជា ៥៦ករណី និងមិនសះជាចំនួន ៧០ករណី និងមោឃៈចំនួន ១ករណី។
លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានស្នើឲ្យដល់ភាគីពាក់ព័ន្ធទាំងអស់កុំកាត់បន្ថយមូលនិធិដោយសារតែវិវាទការងារថយចុះត្រូវគិតទៅលើការពង្រឹងស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលឲ្យមានភាពរឹងមាំនិងមាននិរន្តរភាពវែងឆ្ងាយដើម្បីចូលរួមឆ្លើយតបនឹងស្ថានភាពវិវត្តន៍រីកចម្រើននៃវិស័យឧស្សាហកម្ម និងសេវាកម្មដោះស្រាយវិវាទការងារព្រោះថាស្ថាប័ននេះ បានចូលរួមចំណែកធ្វើឲ្យប្រសើរឡើង នូវផលិតភាពការងារ កំណើនសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដែលជាប្រយោជន៍ដល់កម្មករនិងនិយោជក។
ចំណែកលោក វ៉ាន់ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានគាំទ្រចំពោះក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រោះជាស្ថាប័នមួយដែលភាគីនិយោជកក៏ដូចជាភាគីពាក់ព័ន្ធនានាមានទំនុកចិត្តនិងជឿជាក់ក្នុងការដោះស្រា យរាល់វិវាទការងារ។
ជាមួយគ្នានេះដែរ លោកវ៉ាន់ស៊ូអៀង បានអំពាវនាវដល់ភាគីទាំងអស់បន្តជួយគាំទ្រថវិកាដល់ក្រុមប្រឹក្សាកណ្តាលដើម្បីឲ្យស្ថាប័ននេះមាននិរន្តរភាពក្នុងការដោះស្រាយវិវាទការងារប្រកបដោយយុត្តិធម៌ជាបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments