ភ្នំពេញ ៖ បុរសចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ពីបទសង្ស័យថា បានប្រើប្រាស់ថ្នាំញៀនខុសច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនពួកគេនៅតាមផ្លូវសាធារណៈយកមកត្រួតពិនិត្យល្បាយទឹកនោមកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅទីតាំងផ្សេងគ្នា។
ប៉ូលិសបាននិយាយថា ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើ មាន២ក្រុមគឺក្រុមទី១ឃាត់ខ្លួននៅវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិបុរីកម្មករ អតីតភូមិត្រពាំងឈូកម្តុំមុខពេទ្យលោកសង្ឃដែលជាអតីតទីផ្សារងងឹតជួញដូរថ្នាំញៀនដ៏ធំនៅភ្នំពេញ។ ឃាត់ខ្លួនបាន៣នាក់មានឈ្មោះ ១. អៀង ដារ៉ា អាយុ៣៦ឆ្នាំ មុរបរសន្តិសុខ ក្រុមហ៊ុនឯកជនមានទីលំនៅ ខណ្ឌចំការមន។ ២. ហុល សាវុធ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានទីលំនៅខណ្ឌច្បារអំពៅ។ ៣. អេង ធីឡូវ អាយុ១៨ឆ្នាំ គ្មានមុខរបរ មានទីលំនៅ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្រុមទី២ ឃាត់ខ្លួននៅវេលាម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវ ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម មានគ្នា២នាក់ ទី១.ឈ្មោះ ចឹប ហួរ អាយុ១៨ឆ្នាំ កម្មករលាងឡាន ស្នាក់នៅក្នុងយានដ្ឋានមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី។ ទី២.ឈ្មោះ អាន ស្រួច អាយុ១៨ឆ្នាំ មុខរបរកម្មករលាងឡាននិងស្នាក់នៅជាមួយគ្នា។
សមត្ថកិច្ចនិយាយថា ក្រុមជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅខណៈដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវ នៅវេលាយប់ជ្រៅដែលគួរឲ្យមានការសង្ស័យក៏ឃាត់ឆែកឆេរ ពុំមានវត្ថុរក្សាទុកនូវមានបទល្មើសអ្វីឡើយ ប៉ុន្តែនៅពេលនាំយកមកត្រួតពិនិត្យល្បាយទឹកនោមដោយឧបករណ៍វិទ្យាសាស្ត្រ ស្រាប់តែមានសញ្ញាវិជ្ជមាន (មានផ្ទុកសារធាតុញាណក្នុងទឹកនោម) ទើបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នពួកគេកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សួរនាំនិងត្រៀមបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments