ភ្នំពេញ ៖ ប៉ូលិសនិយាយថា ជនសង្ស័យជាបក្ខពួកចោរប្លន់ម្នាក់ក្នុងចំណោម១០នាក់ ត្រូវបានចាប់ខ្លួន ខណៈពួកគេបានកំពុងតែធ្វើសកម្មភាពស្ទាក់ផ្លូវព្រួតវាយមកលើអ្នកដំណើរម្នាក់ឲ្យរបួសរួចប្លន់ដណ្តើមយកម៉ូតូតែពុំបានសម្រេចដោយសារសមត្ថកិច្ចមកទាន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវមុខវត្តក្រាំងធ្នង់ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាចោរប្លន់ខាងលើឈ្មោះ ឈិន ដារ៉ា ហៅ ដែន ភេទប្រុសអាយុ២៥ឆ្នាំ មិនមានមុខរបរពិត ស្នាក់នៅផ្ទះជួលក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ក្រចេះ1B-1035។
ជនរងគ្រោះក្នុងករណីនេះឈ្មោះ ស៊ិន សូវី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះជួល នៅម្តុំជិតវតតឈូកវ៉ា សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ប៉ូលិសបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ1J-3577 ចេញពីកោះពេជ្រ ជាមួយមិត្តភក្តិម្នាក់ទៀតត្រឡប់មកផ្ទះវិញ ប៉ុន្តែនៅពេលជិះមកដល់ចំណុចកើតហេតុបានជួបក្រុមជនសង្ស័យខាងលើមានគ្នា១០នាក់ជិះម៉ូតូ៥គ្រឿង តាមមកពីក្រោយនិងមកស្ទាក់វាយជនរងគ្រោះដោយប្រើខ្សែក្រវាត់ បណ្តាលឲ្យជនរងគ្រោះរងរបួសដួល ហើយបក្ខពួកគេបានដណ្តើមយកម៉ូតូរបស់ជនរងគ្រោះតែពេលនោះសមត្ថកិច្ចមូលដ្ឋានមកទាន់ក៏បានជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យបានម្នាក់ និង ដកហូតម៉ូតូជនរងគ្រោះបានមកវិញ។
ប៉ូលិសកំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួនចំនួន៩នាក់ផ្សេងទៀត ដែលអត្តសញ្ញាណក្រុមជនសង្ស័យទាំងនោះ អាចមានពន្លឺបានលុះត្រាណាតែបក្ខពួកជនល្មើសម្នាក់ ដែលបានកំពុងចាប់ខ្លួននៅពេលនេះសារភាពប្រាប់ពីអត្តសញ្ញាណបក្ខពួកគេ៕
Source: Kampuchea Thmey Daily
0 Comments