ភ្នំពេញ ៖ ជនសង្ស័យជំនាញខាងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ២នាក់ក្នុងចំណោមគ្នា៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់នៅថ្ងៃអាទិត្យ១៥កើត ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង១៦ម៉ោង១០នាទី ខណៈដែលពួកគេធ្វើសកម្មភាពមិនបានសម្រេច។
នគរបាលរដ្ឋបាលស្រះចកបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ (ក្នុងចំណោមបក្ខពួក០៤នាក់)ដែលឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅចំណុចមុខភោជនីយដ្ឋានកាល់ម៉ែត ផ្លូវព្រះមុន្នីវង្ស ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួន នោះទី១.ឈ្មោះអ៊ី ប៊ុនថេង ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូទី២.ឈ្មោះសោភ័ណ្ឌ សីហា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ។
វត្ថុតាងចាប់យករួមមានទូរស័ព្ទដៃម៉ាកHUAWEI ពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ)និងម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HD-1519(ជាមធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យ)។
ប្រភពព័ត៌មានបានបន្តទៀតថា ជនរងគ្រោះឈ្មោះសុខ និស្ស័យ ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ១៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦និង១០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ តែម្នាក់ឯង ចេញពីកន្លែងដកលុយទូATM នៅឫស្សីកែវ ក្នុងគោលបំណងទៅផ្ទះនៅផ្សារចាស់ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ០៤នាក់ ជិះម៉ូតូ០២គ្រឿង មកពីក្រោយអែបខាងឆ្វេងដៃ ពេលនោះជនសង្ស័យម្នាក់ឈ្មោះ សោភ័ណ្ឌ សីហា អង្គុយពីក្រោយ បានលូកដៃស្តាំ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងលុយចំនួន៣០០ដុល្លា ពីហោប៉ៅរបស់ជនរងគ្រោះ បានសម្រេច ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ ដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវលេខ៩២ កែងផ្លូវលេខ៦១ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកល្បាតក្នុងមូលដ្ឋាន អន្តរាគមន៍ ធ្វើការឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមនឹងវត្ថុតាង នាំមកស្នាក់ការប៉ុស្តិ៍ ។ ចំណែក បក្ខពួក០២នាក់ ទៀតបានគេចខ្លួនបាត់។
សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយឆ្លងតាមការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ ទាំងពីរនាក់ ជាលទ្ធផលគឺវិជ្ជមាន (មានផ្ទុកសារធាតុញៀន) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments