ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងនិងកូយ ឡាយ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានជ្រុះធ្លាក់ហាលអាវត្រឹមជុំទី២ បន្ទាប់ពីប្រកួតចាញ់ក្នុងជម្រុះជុំទី២ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាម កាលពីយប់ថ្ងៃទី២៥សីហា២០១៨។
ម៉ូរ៉ាក់ គេវាយចាញ់ពុទ្ធ សំបូរ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡាដោយពិន្ទុ ហើយកូយ ឡាយ គេវាយចាញ់លិញ ភារម្យ អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរដោយពិន្ទុដូចគ្នាដែរ ។
នៅក្នុងការប្រកួតដែលមានតែបីទឹកនោះ ណាម ម៉ូរ៉ាក់ គេចាញ់កម្ពស់ពុទ្ធ សំបូរ ដោយមិនអាចចូលជិតសំបូរបាន ហើយវាយប្រយោល ក៏ពុំអាចវាយដល់ដែរ ហេតុនេះហើយ ទើបចប់ការប្រកួតម៉ូរ៉ាក់ ចាញ់ពិន្ទុ សំបូរ ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះក្នុងដំណាក់ទី២នេះ ការប្រកួតគឺមានតែបីទឹកដូចក្នុងដំណាក់កាលទី១ដែរ ។ ដូច្នេះ ណាម ម៉ូរ៉ាក់ គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាមត្រឹមជុំទី២នេះ ។ ឯ ពុទ្ធ សំបូរ គេនឹងត្រូវនៅបន្តការប្រកួតក្នុងជុំទី៣ទៀត ។
ចំពោះកូយ ឡាយ ក្នុងការប្រកួតមួយទឹកដំបូង គេបានវាយសម្រុកខ្លាំងទៅលើលិញ ភារម្យ ប៉ុន្តែមិនអាចផ្តួលភារម្យបានឡើយ ដោយសារការវាយសម្រុករបស់គេមិនចំគោលដៅ ។ ហើយការប្រកួតពីរទឹកចុងក្រោយ កូយ ឡាយមិនត្រឹមតែវាយលែងកើតទេ គឺអស់ស៊ុហ្វថែមទៀត ដែលធ្វើអោយលិញ ភារម្យដណ្តើមប្រៀបឈ្នះវិញ ។ ចប់ប្រកួតភារម្យឈ្នះកូយ ឡាយដោយពិន្ទុ ។ ដូច្នេះកូយ ឡាយ ត្រូវជ្រុះធ្លាក់ត្រឹមជុំទី២នេះ ចំណែកលិញ ភារម្យ គេនៅបន្តការប្រកួតក្នុងជុំទី៣ទៀត ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតជុំទី២នេះ អ្នកប្រដាល់ទាំង១៦នាក់ ដែលចំរ៉ាញ់បានក្នុងជុំទី១នោះ នឹងត្រូវជួបប្រកួតគ្នាជម្រុះចោល៨នាក់ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងជុំទី៣ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាម ។
មកដល់ពេលនេះ ការប្រកួតចម្រាញ់បាន៦នាក់ហើយ សម្រាប់ឡើងទៅជុំទី៣នោះ គឺលាភ រដ្ឋា ក្លិបដីឡូរិ៍មានរិទ្ធ,កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម,វុត្ថា លាន់លិញ ក្លិបអង្គរធំគុនខ្មែរ ,ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ ហើយ ២នាក់ចុងក្រោយនេះ គឺ ពុទ្ធ សំបូរនិងលិញ ភារម្យនេះ ។
ដោយឡែក ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិមួយគូនោះ ពុយ វណ្ណះ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ បានវាយចាញ់អ្នកប្រដាល់មកពីប្រទេសថៃKev Kangvan ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។
ពុយ វណ្ណះ ប្រកួតពីរទឹកដំបូង គេវាយចេញចូលបានល្អ និងមានសភាពគ្រោះថ្នាក់សម្រាប់ Kev Kangvan ប៉ុន្តែចូលដល់ទឹកទី៣ទី៤និងទឹកទី៥ Kev Kangvan បានដណ្តើមយកប្រៀបឈ្នះបានវិញ ធ្វើអោយចប់ការប្រកួតពុយវណ្ណះចាញ់Kev Kangvan ដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments