ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១គូបូតាទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ នៅយប់ថ្ងៃសុក្រទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ជាការប្រកួតសម្រាប់សប្តាហ៍ទី៣ ដែលមានអ្នកប្រដាល់៤រូប ខ្មែរ២-ថៃ១និងឡាវ១រូប ដែលត្រូវជួបប្រកួតគ្នា។
សម្រាប់ជំនួបជុំទី២នេះចាន់ សាន់ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ថៃKaoreanghorn Petchchinda តែមួយគូទៀតជាការជួបសម្រាប់ជុំទី១ទេ គឺរិទ្ធ អាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ជួបអ្នកប្រដាល់ឡាវ Seang Suriyak Site Torkah kart។
រវាង ចាន់ សាន់ និង Kaoreanghorn មិនដែលប៉ះគ្នាទេកន្លងមក ។ តែយ៉ាងណា ចាន់ សាន់ប្រហែលជាមិនពិបាកដូចកាលជំនួបលើកទី១ ជាមួយអ្នកប្រដាល់ថៃAnuntasak នោះទេ ព្រោះ Kaoreanghorn វាយចាញ់ទាំងខេម ចាន់ផងកាលពីជុំទី១នោះ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នារវាងចាន់ សាន់ និង Kaoreanghorn នេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចមានអ្នកណាម្នាក់មើលស្រាលគ្នាបានដែរ។
Kaoreanghornនេះ ជាអ្នកប្រដាល់ថៃមានឈ្មោះល្បីគួរសមដែរនៅស្រុកថៃ ។គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកដែរហើយ ដែលលទ្ធផលមានឈ្នះ មានចាញ់ ។ កាលពីប្រកួតក្នុងជុំទី១ Kaoreanghorn ជួបសំណាងអាក្រក់ ដោយវាយចាញ់ខេម ចាន់ អ្នកប្រដាល់កម្ពុជាដោយពិន្ទុ ។ ដូច្នេះ Kaoreanghorn ឆ្លងកាត់មួយប្រកួតដំបូងបាន១ពិន្ទុប៉ុណ្ណោះ។
ចាន់ សាន់ គេមានការសោកស្តាយខ្លាំងណាស់ ដែលក្នុងជំនួបលើកទី១ វាយចាញ់ថៃAnuntasak ហេតុនេះសម្រាប់ជំនួបលើកទី២នេះ គេដាច់ខាតត្រូវតែយកឈ្នះ Kaoreang hornអោយបាន ដើម្បីសន្សំពិន្ទុឡើងវិញ ។ ចាន់ សាន់ ប្រកួតជម្រុះលើកទី១ បានវាយចាញ់ថៃក្នុងទឹកទី២ ។ ពេលនេះ ប៉ះជាមួយ Kaoreanghorn គេមានសង្ឃឹមឈ្នះច្រើន ព្រោះថាអ្នកប្រដាល់ថៃរូបនេះ វាយចាញ់ទាំងខេមចាន់ផង រឿងអីដែលគេ មិនអាចឈ្នះបាននោះ? ។
ចំពោះការជួបគ្នារវាងរិទ្ធ អាទិត្យ និង អ្នកប្រដាល់ឡាវSeang Suriyak Site Torkahkart វិញ រិទ្ធ អាទិត្យ ប្រហែលជាពិបាកហើយ ដោយសារអ្នកប្រដាល់ឡាវរូបនេះ គេខ្លាំងគួរសមដែរ ។ ទោះជាយ៉ាងណា គេមានកាយសម្បទាអំណោយផលល្អ គឺមានកម្ពស់ខ្ពស់ ដៃជើងវែង ដែលអ្នកណាក៏មិនមើលស្រាលគេបានដែរ។
តែយ៉ាងណា ពីរនាក់នេះពុំទាន់ដែលប៉ះគ្នាទេ ហើយការជួបគ្នាពេលនេះ គឺជាជួបការប្រកួតលើកទី១ប៉ុណ្ណោះសម្រាប់ជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១គូបូតាទម្ងន់៥៤គីឡូក្រាមនេះ ។ដូច្នេះចាំមើល ការប្រកួតក្នុងជុំទី១នេះ រវាងរិទ្ធ អាទិត្យ និង Seang Suriyak តើនរណាយកបាន៣ពិន្ទុនោះ ? ។ សម្រាប់ការប្រកួតជម្រុះនេះ អ្នកឈ្នះទទួលបាន៣ពិន្ទុ អ្នកចាញ់បាន១ពិន្ទុ អ្នកបោះបង់ការប្រកួតបាន០ពិន្ទុ ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្តើមយកខ្សែក្រវាត់នេះ ។
អ្នកប្រដាល់ជើងខ្លាំងទាំង៥រូបរបស់កម្ពុជានោះ គឺចាន់ សាន់ ក្លិបនិរោធមានជ័យ-ខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ - ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា - ប៊ុន សុធា សមាគមកីឡាក្រសួងការពារជាតិ និង រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ ។អ្នកប្រដាល់ទាំង៥រូបនេះ សុទ្ធតែចម្រាញ់ចេញពីក្នុងចំណោមកីឡាករ៨រូប ក្នុងការប្រកួតជម្រុះកន្លងមក ។
ចំពោះអ្នកប្រដាល់ថៃវិញ មាន Anuntasak Site Phukhorngyus , Kaoreanghom Pctchchinda និង Plangthip Por.Yuthphumi ហើយអ្នកប្រដាល់ឡាវ មាន Wangngeun Rungreankilanakom Phattorn និង Seang Suriyak Site Torkah kart ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៤ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments