ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារកបានសហការជាមួយមូលនិធិកូរ៉េ សម្រាប់ថែទាំសុខភាពអន្តរជាតិ ហៅកាត់កូហ្វី(KOFIH)បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលថែទាំជួសជុលម៉ាស៊ីនស្តេរីល ការថែទាំនូវឧបករណ៍បរិក្ខារពេទ្យសម័យទំនើបដល់មន្ត្រីសុខាភិបាលមកពីតាមបណ្ដាខេត្តចំនួន៥នៅ កម្ពុជា។
លោកស្រី សាស្ត្រចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក បានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់សម្រាប់អ្នកធ្វើឲ្យការងារបច្ចេកទេស ក្នុងការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសុខាភិបាល។
កន្លងមកមជ្ឈមណ្ឌលជាតិបានខិតប្រឹងប្រែងបំពាក់បំប៉ននូវជំនាញ ក៏ដូចជាបច្ចេកទេសដោយបានផ្ដល់នូវឧបករណ៍ពេទ្យនិងសម្ភារបរិក្ខារជាច្រើន ដែលបម្រើឲ្យការងារបច្ចេកទេស ក្នុងការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសុខាភិបាលនីមួយៗ។
លោកស្រីសាស្ត្រាចារ្យបានឲ្យដឹងថា ប៉ុន្តែទន្ទឹមនឹងមានបច្ចេកទេសថ្មី មានជំនាញថ្មី ហើយមានឧបករណ៍ថ្មីសម្រាប់ថែទាំជួសជុលក៏ជាបន្ទុកធ្ងន់សម្រាប់អង្គភាពនិងមូលដ្ឋានសុខាភិបាលនីមួយៗដោយធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសនិងធ្វើយ៉ាងណាថែទាំជួសជុល ដើម្បីធ្វើឲ្យឧបករណ៍នោះដំណើរការបានត្រឹមត្រូវនិងធ្វើការផ្ដល់សេវានោះកាន់តែមានគុណភាពល្អប្រសើរថែមទៀត។
លោក វេជ្ជបណ្ឌិត Kim Inseong អគ្គលេខាធិការមូលនិធិកូរ៉េ សម្រាប់ថែទាំសុខភាពអន្តរជាតិ កូហ្វីបានមានប្រសាសន៍ថាមូលនិធិកូរ៉េ កូហ្វី សម្រាប់ថែទាំសុខភាពអន្តរជាតិនេះបានចាប់ផ្ដើមដំណើរការនៅកម្ពុជានេះចាប់តាំងពីឆ្នាំ២០០៦រហូតមកដល់ពេលនេះមានរយៈពេល១២ឆ្នាំមកហើយ ហើយកូហ្វីបានផ្ដោតសំខាន់ទៅលើវិស័យសុខាភិបាលនៅទូទាំងពិភពលោក ដើម្បីលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋពិសេសទៅលើកម្មវិធីលើកកម្ពស់សុខភាពមាតានិងទារកដែលមានបញ្ហាសុខភាព។
លោក អគ្គលេខាធិការក៏បានលើកឡើងបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ កូហ្វីកំពុងតែបានជួយទៅលើខេត្តមួយចំនួនដូចជាខេត្តបាត់ដំបង់ ហើយឥលូវនេះបានពង្រីកដល់ខេត្តប៉ៃលិន និងទៅដល់ខេត្តពោធិ៍សាត់ទៀត ទៅលើគម្រោងខាងលើនោះ ដើម្បីជួយបង្កើនចំណេះដឹងដល់អ្នកបច្ចេកទេសនិងគ្រូពេទ្យរបស់យើងទាំងវេជ្ជបណ្ឌិត គិលានុដ្ឋាកនិងអ្នកថែទាំសុខាភាពតាមរយៈការសិក្សានៅប្រទេសកូរ៉េនិងនៅកម្ពុជាផងដែរ ក្នុងបំណងជួយលើកកម្ពស់វិស័យសុខាភិបាលនៅប្រទេសកម្ពុជាឲ្យកាន់តែមានគុណភាពល្អប្រសើរថែមទៀត ក្នុងការសង្ឃឹមជឿជាក់ពីអ្នកជំងឺមកលើវិស័យសុខាភិបាលយើងនាពេលបច្ចុប្បន្ននេះ។
លោក មាសសុភ័ក្ត្រ មន្ត្រីបម្រើការងារនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមដែលបានចូលរួមនៅក្នុងពិធីបើកវគ្គនោះបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីសុខាភិបាលក្នុងការបង្កើនចំណេះដឹងបន្ថែមទៅលើការថែទាំនូវឧបករណ៍បរិក្ខារពេទ្យសម័យទំនើបបច្ចុប្បន្ននេះ ដែលមូលនិធិកូរ៉េ កូហ្វីផ្ដល់ឧបករណ៍បរិក្ខាពេទ្យទាំងនោះមកឲ្យនៅមន្ទីរពេទ្យខេត្តរបស់លោក។
លោកឈិត កុម្ភះ មន្ត្រីទទួលបន្ទុកបរិក្ខារពេទ្យនៅខែត្របាត់ដំបង បានគូសបញ្ជាក់ផងដែរថា តាមរយៈការបណ្ដុះបណ្ដាលនេះ លោកនិងបានចំណេះដឹងបន្ថែមថ្មីទៀត ជូនដល់សមាជិកបច្ចេកទេសដែលធ្វើការជាមួយលោកបានដឹងពីបច្ចេកទេសថ្មីៗនោះក្នុងការថែទាំនិងជួសជុលនៃការប្រើប្រាស់ម៉ាស៊ីនស្តេរីលនេះ។
លោកបន្តថា កាលណាយើងបានចេះដឹង ស្គាល់ពីការប្រើប្រាស់ឧបករណ៍និងថែទាំម៉ាស៊ីនស្តេរីលនោះបានល្អហើយ នៅពេលនោះហើយ លោកគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យក៏បានត្រឹមត្រូវដែរ។ តែបើការថែទាំរបស់យើងមិនបានល្អវិញនោះដែរ ការវាយតម្លៃរោគវិនិច្ឆ័យក៏មិនបានសុក្រឹតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments