ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឯងម្នាក់ បានរងនឹងការកាប់ពីសំណាក់ជនសង្ស័យដែលប្រើប្រាស់ថ្នាំញៀនព្រមទាំងត្រៀមបម្រុងធ្វើសកម្មភាពទាំងកណ្តាលអធ្រាត្រ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង១និង០០នាទីយប់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហានៅចំណុចមុខដីឡូត៍គ្មានលេខផ្លូវបេតុងភូមិរបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ទឹម ដុង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាលប៉ុស្តិ៍ព្រែកឯង ស្នាក់នៅភូមិចុង ព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ សរ មករា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករដឹកបន្លែ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោកអធិការរងបានអោយដឹងថា កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៨ ម៉ោង០១និង០០នាទី ជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯង បានល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតខាងលើ ក៏ឃើញជនសង្ស័យកំពុង ឈរជិតម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FU-៥៥៤០ ពេលនោះជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ក៏ធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច, អាវុធខ្លីជ័រ០១ដើម និង កាំបិតប៉័ងតោ០១, កូនកន្ត្រៃ០១, ដែកកេះ០២, ទូរស័ព្ទដៃ ម៉ាកណូគារ ០១គ្រឿង និងដង្កាប់០១ ដែលជនសង្ស័យ លាក់ទុកនៅ ក្នុងកាបូបស្ពាយក្រោយពណ៌ប្រផេះ ភ្លាមនោះជនសង្ស័យក៏ឆក់យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះចំកដៃខាងស្តាំរងរបួស រួចជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមក នគរបាលប៉ុស្តិ៍ព្រែកឯង តែម្តង។ ជនសង្ស័យញៀនគ្រឿងញៀនខ្លាំង៕
Source: Kampuchea Thmey Daily
0 Comments