ភ្នំពេញ ៖ ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ រួមទាំងលោក មាជ សុវណ្ណារ៉ា ផង បានចេញពីពន្ធនាគារហើយនៅវេលាម៉ោងជា១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រោយពីមានព្រះរាជក្រឹត្យលើកលែងទោស ដោយកម្លាំងសមត្ថកិច្ច បានជូនទៅដល់ផ្ទះតែម្តង ហើយការពន្យារពេលនៃការដោះលែងនេះ ដោយបារម្ភពីសុវត្ថិភាព ដោយសារមានមនុស្សទៅរង់ចាំមើលច្រើនពេក។
អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន ១. ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ២. ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ ៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទប្រុស អាយុ៣២ឆ្នាំ (អ្នកទាំង៣នាក់ខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខ ២៩០ “ប” ក្រ៣ ភ.ព.ព្រ.ទ ចុះថ្ងៃទី២១-០៧-២០១៥ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្ម) ៤. ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៧ឆ្នាំ ៥. ឈ្មោះ សាន គឹមហេង ភេទប្រុស អាយុ ៣២ឆ្នាំ ៦. ឈ្មោះ ស៊ុំ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ ៧. ឈ្មោះ កែ ឃីម ហៅ វិនឌី ភេទប្រុស អាយុ ៣៤ឆ្នាំ ៨. ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ ៩. ឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ ១០. ឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ ១១. ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ឆ្នាំ (អ្នកទាំង៨នាក់នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពីបទចូលរួមធ្វើកុបកម្ម ហើយសាលក្រមព្រហ្មទណ្ឌនេះ ត្រូវបានភាគីជនជាប់ចោទប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានចេញសាលដីកាលេខ ៤៨ ក្រIV “ណ” ចុះថ្ងៃទី១០-០៥-២០១៨ ដោយតម្កល់ការសម្រេចផ្តន្ទាទោស ដូចតុលាការជាន់ទាប) ១២. ឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ ១៣. ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ ១៤. ឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ឆ្នាំ (អ្នកទាំងនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពីបទចូលរួមធ្វើកុបកម្ម)។
សូមបញ្ជាក់ថា អតីតសមាជិកគណបក្សប្រឆាំងទាំង១៤នាក់នេះ បានធ្វើលិខិតគោរពស្នើសុំលើកលែងទោសទៅសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយស្នើសុំសម្តេចមេត្តាជួយអន្តរាគមន៍ ស្នើលើកលែង ទោសឲ្យពួកគេ ដើម្បីបានរួចផុតទោស និងមានសេរីភាព ហើយអ្នកទាំង១៤រូបនេះ ក៏បានសម្រេចដកបណ្តឹងសាទុក្ខ និងបណ្ដឹងឧទ្ធរណ៍ផងដែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ដែលនាំឲ្យសាលក្រម និងសាលដីការបស់តុលាការ បានចូលជាស្ថាពរ ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សំណុំរឿងនេះតាមនីតិវិធីច្បាប់ និងឈានទៅស្នើសុំលើកលែងទោស៕
Source: Kampuchea Thmey Daily
0 Comments