ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ២៧សីហា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិរុស្ស៊ី២នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសនិងបទប្រើប្រាស់សារធាតុញៀនខុសច្បាប់។
ជនជាប់ចោទទាំង២នាក់ដែលត្រូវតុលាការផ្ដន្ទាទោសទី១ឈ្មោះ ZAMETNYA ALEXANDER អាយុ៣១ឆ្នាំ។ ចំណែកជនត្រូវចោទទី២ឈ្មោះ TELENKOV IVAN អាយុ៣០ឆ្នាំ។
លោក ឃី ឆៃ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានបើកសវនាការកាត់ទោសលើបុរសជាតិជាតិរុស្សី២នាក់ ពាក់ពន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស តាមមាត្រា៣៥៣.៣៥៧ នែក្រមព្រហ្មទណ្ឌ នឹងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤៥នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។
នៅក្នុងពេលសវនាការជនត្រូវចោទឈ្មោះ ZAMETNYA ALEXANDER អាយុ៣១ឆ្នាំបានឆ្លើយបដិសេធថា ខ្លួនមិនបានលួចលុយក្នុងទូរATM នោះ ដោយសារតែខ្លួនខ្វះលុយធ្វើដំណើរទៅស្រុកវិញខ្លួនក៏បានជួបបុរសម្នាក់បាននិយាយថាបើចង់បានលុយឲ្យខ្លួនចូលទៅបើកទូរATMនោះហើយថតមកឲ្យខ្លួនមកគេនឹងឲ្យលុយ ចំពោះរឿងប្រើប្រាស់គ្រឿងញៀនខ្លួនមិនបានប្រើនោះទេ។
ចំណែកជនត្រូវចោទឈ្មោះ TELENKOV IVAN អាយុ៣០ឆ្នាំ ក៏បានឆ្លើយបដិសេធដែលថា ខ្លួនមិនបានចូលទៅគាស់ទូរATMនោះទេ ហើយរឿងប្រើប្រាស់គ្រឿងញៀនខ្លួនមិនបានប្រើទេ។
ពេលបញ្ចប់សវនាការសួរដេញដោលលោក កុល បុន តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋាននៅតែតម្កល់បទចោទទៅលើជនត្រូវចោទទាំង២នៅដដែល នឹងស្នើសុំឲ្យតុលាការផ្តន្ទាទោសអ្នកទាំង២ទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ ត្រូវបាននគរបាលខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីធ្វើសកម្មភាពគាស់ទម្លុះទូរATM របស់ធនាគារ ABA នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងដែលចាប់យករួមមាន ខ្សែអេឡិចត្រូនិចប្រើឌុយ USB មួយ កូនកាំបិតចុងស្រួចមួយ លិខិតឆ្លងដែនមួយលេខ 724584016,ម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រៃវែង1I-4505 សក់ពាក់ចំនួន១ដុំ និងទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ាកអាយហ្វូន7 Plus ១គ្រឿង ពណ៌ខ្មៅ ម៉ាកNOKIA ចំនួន២គ្រឿង។
វត្ថុតាងទាំងនេះ អ្វីដែលមិនពាក់ព័ន្ធនិងបទល្មើស ដូចជាទូរស័ព្ទ លិខិតឆ្លងដែន កាបូបប្រាក់ ម៉ូតូ តុលាការបានប្រគល់ឲ្យជនជាប់ជាប់វិញ៕
Source: Kampuchea Thmey Daily
0 Comments