Ad Code

អ្នក​ជិះ​ម៉ូតូ​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ឯ​តៃកុង​រថយន្ត​បង្ក​ដាក់​មេ​ប្រូច​បាត់



​កណ្តាល ​៖ ​បុរស​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​។



ករណីនេះ កើតឡើង​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា វេលា​ម៉ោង​២២និង៥០​នាទី​ ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣-៣៤ ភូមិ​ធ្យូង ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល។

នគរបាល​ស្រុក​ពញាឮ ឲ្យ​ដឹង​ថា រថ​យន្ត​មួយគ្រឿង​ម៉ាក SEANA ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ​2K-3323 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។



លុះ​ពេល​បើកបរ​មកដល់​ចំណុច​កើតហេតុ បាន​បុក ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ដែល​កំពុង​បើកបរ​មាន​ទិសដៅ​បញ្ច្រាស​គ្នា ពី​ជើង​ទៅ​ត្បូង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ កណ្ដាល​1J-5371 បើកបរ​ដោយ​ឈ្មោះ ប៉ិម ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្យូង ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល និង​អ្នក​រួម​ដំណើរ​ពីក្រោយ ឈ្មោះ ចាប គឹម​ហេង អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​/​ឃុំ​ជាមួយគ្នា បណ្តាល​ឲ្យ​អ្នក​ទាំងពីរ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម។

​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម នគរបាល​ជំនាញ​ស្រុក​ពញាឮ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើ​កំណត់ហេតុ​វាស់វែង​កន្លែង​កើតហេតុ​រួច​សព​ជនរងគ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​យក​ទៅ​រក្សាទុក​បណ្តោះ​អាសន្ន ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ កសាង​សំណុំ​តាម​នីតិវិធី​ច្បាប់​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu