Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​ណាហ្គា​វើ​ល បន្ត​កៅអី​កំពូល​តារាង​ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ នៅ​បាត​តារាង​គិត​ត្រឹម​សប្ដាហ៍​ទី ១៩



ក្រុមបាល់ទាត់​ណាហ្គា​វើ​ល បន្ត​រក្សា​កៅអី​កំពូល​តារាង​២​សប្ដាហ៍​ជាប់ៗ​គ្នា ខណៈ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ វិញ​បន្ត​ស្ថិតនៅ​បាត​តារាង​ត្រឹម​សប្ដាហ៍​ទី​១៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។



សរុប​លទ្ធផល​ប្រចាំការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​១៩ នេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែសីហា ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ១​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​ក្រសួងការពារជាតិ ស្មើគ្នា​ជាមួយ​ក្រុម​វិសាខា ២​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរ ចាញ់​ក្រុម​ណាហ្គា​វើ​ល ២​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។

ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ស្មើគ្នា​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ០​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ចាញ់​ក្រុម​បឹងកេត ១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​សប្ដាហ៍​ទី​១៩​នេះ​វិញ​ឃើញថា ​ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង មាន​៤៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ បឹងកេត​អែ​ហ្វ​ស៊ី មាន​៤៥​ពិន្ទុ ហើយ​ក្រុម​វិសាខា ឈរ​លេខ​៣ មាន​៤២​ពិន្ទុ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៩​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​៣០​ពិន្ទុ ក្រុម​លេខ​៦ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រុម​លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២៤​ពិន្ទុ​ដួច​គ្នា​។ ក្រុម​លេខ​៨ អង្គ​រថា​យ​ហ្គឺ​រ មាន​២៣​ពិន្ទុ លើ​ក្រុម​លេខ​៩ អាស៊ី​អឺរ៉ុប មាន​២០​ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៦​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១​មាន​៩​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​។

សម្រាប់​គម្រោង​ប្រកួត​បន្ទាប់​នៅ​សប្ដាហ៍​ទី​២០ នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្ដាល​ខែកញ្ញា ខាងមុខ​ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ វេលា​ម៉ោង​៦​ល្ងាច​ហើយ​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ស្របពេល​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​ស្តា​ត​ចាស់​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park និង​ក្រុម​បឹងកេត​ប៉ះ អ​គ្គីសនី​កម្ពុជា នៅ​ម៉ោង​៦ល្ងាច​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu