ស្ទឹងត្រង់ ៖ ស្ត្រីមានផ្ទៃពោះបួនខែម្នាក់ មានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ និងស្ត្រីសម្រាលកូនម្នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត រងគ្រោះពីទឹកជំនន់ទន្លេសេកុងនៅស្រុកសៀមប៉ាង នៅព្រឹកថ្ងៃទី០៨ខែសីហា ឆ្នាំ២០១៨នេះ បានទទួលការផ្តល់ឈាមពីលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអោយរួចផុតពីគ្រោះថ្នាក់ដ៏ធ្ងន់នេះ និងបានទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ដោយមើលឃើញពីភាពលំបាកទីទាល់ក្រមានជំងឺ និងនៅពេលថ្មីៗនេះពួកគាត់ទទួលរងគ្រោះពីទឹកជំនន់ទន្លេសេកុងថែមទៀតនោះ លោកបាននាំអំណោយចែកជូនដល់ស្ត្រីសម្រាលកូន និងមានផ្ទៃពោះមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរគ្មានថវិកាសម្រាប់ព្យាបាលប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្តថា ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការស្តីទីកងទ័ពជើងគោក និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានយកចិត្តទុកដាក់ជួយឧបត្ថម្ភទុរគតជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ទើបនៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០១៨នេះ លោកបាននាំអំណោយសប្បុរសធម៌មកចែកជូនប្រជាពលរដ្ឋ២គ្រួសារដែលមានជីវភាពខ្វះខាតមានជំងឺ និងរងគ្រោះដោយទឹកជំនន់។
លោកមេបញ្ជាការបន្តថា អំណោយទាំងនោះរួមមាន ត្រីខ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ និងលុយមួយចំនួនផងដែរ។
ស្ត្រីមានផ្ទៃពោះ និងមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតអស់សង្ឃឹមថាវិលត្រឡប់ទៅផ្ទះវិញ បើស្លាប់អោយនៅផ្ទះព្រោះតែគ្មានប្រាក់នោះ ក៏ត្រូវបានលោកមេបញ្ជាការធានាចេញថ្លៃព្យាបាលនិងមានការផ្តល់ឈាមពីលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងនោះ នៅថ្ងៃទី០៨សីហានេះស្ត្រីរងគ្រោះបានបញ្ចូលឈាមនិងបានធូរស្បើយជាបណ្តើរៗហើយដែរ។
គ្រួសាររងគ្រោះទាំង២គ្រួសារ បានថ្លែងអំណរគុណចំពោះលោកហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់ឈាមអោយស្ត្រីរងគ្រោះរួចផុតពីគ្រោះថ្នាក់រួមទាំងលោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌី មេបញ្ជាការនិងមន្ត្រីកងរាជអាវុធទាំងអស់ដែលបានផ្តល់អំណោយដ៏មានតម្លៃទាំងនេះដល់ក្រុមគ្រួសារពួកគាត់ និងសូមជូនអោយទេវតាតាមបីបាច់ថែរក្សាគ្រប់ៗគ្នាជារៀងរហូត៕
Source: Kampuchea Thmey Daily
0 Comments