កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ចាម ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់នៅក្នុងភូមិចំនួន២ នៃឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម សរុបចំនួន៥៦០ គ្រួសារ។
លោក គួច ចំរើន បានលើកឡើងថា សុខទុក្ខរបស់ពលរដ្ឋក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ ហើយលោកក៏បានពាំនាំការសួរសួរសុខទុក្ខរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរអ្វីឡើយ គឺ ក្នុងគោលបំណងដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់រហូតដល់ពេលទឹកស្រកទៅវិញ ដោយ ត្រូវបន្ដផ្គត់ផ្គង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូចខាតអស់ផងដែរ។
លោក គួច ចំរើន តែងតែបានអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះ ដោយត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការឆ្លងនូវជំងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសីរពិស ច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹកឬខាំត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបងប្អូនជាបន្ទាន់ដើម្បីព្យាបាលភ្លាម៕
Source: Kampuchea Thmey Daily
0 Comments