Ad Code

អាជ្ញាធរ​ស្រុក​បូរី​ជលសារ​ ចុះ​បង្ក្រាប​សកម្មភាព​ការ​ធ្វើ​នេសាទ​ខុសច្បាប់ ​ព្រមទាំង​រឹបអូស​ឧបករណ៍​បាន​មួយចំនួន​មក​បំផ្លាញ​ចោល



តាកែវ ៖ អាជ្ញាធរ​ស្រុក​បូរី​ជលសា​រ បើក​ប្រតិ​ប​ត្តិការបង្ក្រាប​បទល្មើស​នេសាទ​ជា​លើ​ដំបូង​នា​រដូវ​បិទ​ការនេសាទ​ដោយ​ខុសច្បាប់​ព្រមទាំង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន​យកមក​ដុត​បំផ្លាញចោល​។​

​អាជ្ញាធរ​ស្រុក​បូរី​ជលសារ​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៨ បាន​ដឹកនាំ​ក​ម្លាំ​ង​ជំនាញ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ និង​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​អាជីវកម្ម​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​រដូវ​បិទ​ការនេសាទ នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ ខេត្តតាកែវ និង​បាន​បន្ត​ចុះបង្ក្រាប​បទល្មើស​ជលផល​ ដោយ​បាន​ឆូត​ និង​កាត់ចោល​សាច់​ឈឹប សៃយ៉ឺន​ស្បៃ​មុង​ដែល​បានដាក់​នេសាទ​ខុសច្បាប់​ប្រវែង​៥៨០​ម និង​រឹបអូស​យក​ឧបករណ៍​ល្មើស​ជា វត្ថុតាង​ទាំងនោះ​រួមមាន កន្ទុយ​សៃយ៉ឺន​២១​កន្ទុយ បង្គោល​ឬ​ស្សី​៨៧​ដើម ដុតបំផ្លាញ​ចោល​នៅមុខ​សាលាស្រុក​បូរី​ជលសារ​ផងដែរ​។​

បន្ទាប់ពី​ប្រតិ​ប​ត្តិការបង្ក្រាប​បទល្មើស​ជល​ផល​ដោយ​អាជ្ញាធរ​ស្រុក​រួចមក ​អាជ្ញាធរ​បាន​លែង​កូន​ត្រី​ជា​ប្រយោជន៍​សាធារណៈ​ប្រមាណ​២៦​គ​.​ក​​ទៅក្នុង​ទឹក​ផងដែរ។

​សូម​រំលឹក​ផងដែរ​ថា សមាជិក​ក្រុម​ប្រឹក្សា​ខេត្តតាកែវ​កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ បានស្នើ​ឲ្យ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ចាត់​វិធានការណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​នេសាទ​ខុសច្បាប់​នៅក្នុង​រដូវ​បិទ​ការនេសាទ​ដែលជា​រដូវ​ត្រី​កំពុង​ពង​កូន នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​។

ឆ្លើយតប​ទៅ​នឹង​ការលើកឡើង​របស់​សមា​ជិ​ក​ក្រុម​ប្រឹ​ក្សា​ខេត្ត លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​ថ្លែងថា អាជ្ញាធរខេត្ត​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​ស្រុក​ដែល​នៅជាប់​ផ្ទៃ​ទឹកជា​ពិសេស​មន្ត្រីរដ្ឋបាល​ជលផល ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅលើ​ដែនទឹក​ក្នុង​ខេត្តតាកែវ​ជាពិសេស​នៅ​រដូវ​ត្រី​ពង​ហើយ​អាជ្ញាធរ​ក៏​និង​ធ្វើ​សកម្មភាព​តាមរយៈ​ពន្យល់​ដល់​បងប្អូន​ប្រជា​នេសាទ​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​នេសាទ​ខុសច្បាប់​នេះ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu