Ad Code

ភ្លើង​ឆេះ​ព្រៃធំ​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ​បាន​ចោទ​ជា​បញ្ហា​ប្រឈម​ដល់​អ្នក​ពន្លត់​អគ្គិភ័យ



កាលពី​ថ្ងៃ​អង្គារ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​តស៊ូ​ជាមួយ​លក្ខណៈ​ភូមិសាស្ត្រ​ដ៏​រឹងមាំ ខ្យល់​បក់​ខ្លាំង​ និង​រលក​កម្ដៅ​ខែសីហា​ដើម្បី​ពន្យឺត​ការ​រីក​រាលដាល​នៃ​ភ្លើង​ឆេះ​ព្រៃធំ​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​កំណត់ត្រា​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ វា​ជា​ភ្លើង​ឆេះ​ព្រៃ​មួយ​ដែល​ផ្ទុះឡើង​មាន​ទំហំ​ជិត​ស្មើនឹង​ទីក្រុង Los Angeles នៅក្នុង​រយៈពេល​ត្រឹមតែ​១១​ថ្ងៃ​ប៉ុណ្ណោះ។

ភ្លើង​ឆេះ​ព្រៃ​ក្នុង​ផ្ទៃដី​១,១៦៥​គីឡូម៉ែត្រ​ការ៉េ​ដែលមាន​ចំណុចកណ្តាល​នៅ​សហគមន៍ Upper Lake បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​អ្វីដែល​ក្រុមមន្ត្រី​និយាយថា ជាការ​រួមបញ្ចូល​គ្នា​នៃ​អាកាសធាតុ​និង​សណ្ឋាន​ដី​ហើយ​បន្លែ​ដ៏​សំបូរបែប​បានប្រែក្លាយ​ទៅជា​របស់​ងាយ​ឆាបឆេះ​ខ្ពស់​ដោយសារតែ​គ្រោះរាំងស្ងួត​ជាច្រើន​ឆ្នាំ​។​

នាយកដ្ឋាន​ការពារ​ព្រៃឈើ​និង​អគ្គិភ័យ​ឬ​ត្រូវបាន​គេ​ស្គាល់​ថា Cal Fire បាន​ឲ្យ​ដឹងថា កិច្ចខិតខំ​ប្រឹងប្រែង​ពន្លត់​អគ្គិភ័យ​ក៏ត្រូវ​បាន​រារាំង​ដោយ​ការខ្វះខាត​ធនធាន​ផងដែរ​។​

នៅពេល​អគ្គិភ័យ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​២៧​ខែកក្កដា អ្នក​ពន្លត់​អគ្គិភ័យ​រាប់ពាន់នាក់​គឺ​ស្ថិតនៅ​ភាគ​ខាងជើង​ដើម្បី​ប្រយុទ្ធ​ជាមួយ​អគ្គិភ័យ​ដ៏​ធំ​មួយ​ដែល​រីក​រាលដាល​ចូលទៅក្នុង​ទីក្រុង Redding ដោយបាន​បំផ្លាញ​ផ្ទះ​ជាង​១,០០០​ខ្នង​។​

ពីរ​បី​ថ្ងៃ​បន្ទាប់ពី​អគ្គិភ័យ​នៅ Upper Lake បានចាប់ផ្តើម ប្រធាន​កងវរសេនាធំ​អគ្គិភ័យ​លោក John Messina បាន​ប្រាប់​កិច្ចប្រជុំ​សហគមន៍​មួយ​ថា ដោយសារ​តែមាន​ភ្លើង​ឆេះ​ជាច្រើន​រួចទៅហើយ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នោះ “​ធនធាន​ត្រូវបាន​ចំណាយ​រួច​អស់​ទៅហើយ​” ដូច្នេះ​មន្ត្រី​ត្រូវ​បង្ខំចិត្ត​ផ្តល់​អាទិភាព​សុវត្ថិភាព​សាធារណៈ​និង​ទ្រព្យសម្បត្តិ​ឯកជន​។​

អណ្ដាតភ្លើង​កំពុង​ឆាបឆេះ​នៅ​តំបន់​ដាច់ស្រយាល​ហើយ​គ្មាន​អ្នកស្លាប់​ឬ​របួសធ្ងន់​ត្រូវបាន​គេ​រាយការណ៍​ទេ​។ ប៉ុន្តែ​យ៉ាងហោចណាស់​ផ្ទះ​៧៥​ខ្នង​ត្រូវ​បាត់បង់​ហើយ​មនុ​ស្សរាប់​ពាន់​នាក់​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ភៀសខ្លួន​។ អគ្គិភ័យ​ដែល​គេ​ដាក់ឈ្មោះថា Mendocino Complex ត្រូវបាន​គេ​រាយការណ៍​ថា ទប់ស្កាត់បាន​២០​ភាគរយ​កាលពី​ថ្ងៃ​អង្គារ​។​

វា​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ស្របពេល​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆាបឆេះ​ធំៗ​ជាច្រើន​ផ្សេងទៀត​នៅ​ជុំវិញ​រដ្ឋ​នេះ​ដែលជា​ហេតុ​បង្ក​ជា​ភាពភ័យខ្លាច​ថា ឆ្នាំ​២០១៨​នេះ​អាច​ក្លាយជា​រដូវ​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា​។​

អ្នក​ពន្លត់​អគ្គិភ័យ​ប្រហែល​៣,៩០០​នាក់​រួមទាំង​អ្នកស្ម័គ្រចិត្ត​៤០​នាក់​មកពី​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​ប្រយុទ្ធ​នឹង​អណ្តាតភ្លើង​ហើយ​ប្រកួតប្រជែង​ជាមួយនឹង​សីតុណ្ហភាព​ដ៏​ក្តៅ​និង​ខ្យល់​បក់​យ៉ាង​លឿន​ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu