ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា សព្វថ្ងៃនេះ សហគ្រាសធុនតូច និងមធ្យម ដែលបានដាក់ពាក្យប្រឡងកម្មវិធី«ស៥»នៅមានចំនួនតិចនៅឡើយ ដូច្នេះលោកសូមជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមពង្រឹងគុណភាពផលិតផល ដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិឲ្យកាន់តែច្រើន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីពានរង្វាន់”ស៥” ប្រចាំឆ្នាំ២០១៨ នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែសីហានេះ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានមានប្រសាសន៍ថា គ្រប់សហគ្រាសធុនតូច និងមធ្យមទាំងអស់ត្រូវគោរពតាមគោលការណ៍«ស៥»ដែលចេញដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺសំរិតសំរាំង, សណ្ដាប់ធ្នាប់,សំអាត,ស្តង់ដា និងស្ថិតស្ថេរ។
លោករដ្ឋលេខាធិការ បានជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់គួរតែចូលរួមប្រកួតប្រជែងកម្មវិធីនេះ ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួន តាមរយៈការជឿជាក់ពីអតិថិជន ព្រោះកាលណាអនុវត្តន៍កម្មវិធី«ស៥»នេះមន្ត្រីជំនាញ និងជួយណែនាំឲ្យមានការផលិតឲ្យកាន់តែមានគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោក រដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជួយសម្រួលនីតិវិធី បច្ចេកទេសនាំចេញដល់ផលិតផលខ្មែរណា ដែលមានគុណភាព គោរពបានតាមស្តង់ជាតិ និងអន្តរជាតិ។
លោក លាង ឡេង ម្ចាស់សហគ្រាស លាង ឡេង ដែលទទួលបានជ័យលាភី«ស៥»ពីក្រសួងឧស្សាហកម្ម សិប្បកម្ម បានគាំទ្រដល់ការជំរុញយសហគ្រាសធុនតូច និងមធ្យមពង្រឹងគុណភាពផលិតផលដោយអនុវត្តន៍តាមគោលការណ៍«ស៥»នេះ ព្រោះថាវាជាគោលការណ៍គ្រឹះនាំឲ្យផលិតផលខ្មែរមានគុណខ្ពស់ទទួលស្គាល់ពីស្ថាប័នស្តង់ដារអន្តរជាតិ។ លោកថា ផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ លាង ឡេង សញ្ញារូបត្រីកញ្ចាញ់ច្រាស់របស់លោកមានទីផ្សារខ្ពស់ទាំងក្នុងស្រុក និងនៅប្រទេសកូរ៉េខាងត្បូង ហើយថ្មីៗមកនេះអ្នកវិនិយោគនៅសហរដ្ឋអាម៉េរិក បានមកសិក្សាពីគុណភាពផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ លាងឡេង រូបត្រីកញ្ចាញ់ច្រាស់រួចរាល់ហើយដែរ ដើម្បីនាំយកទៅលក់នៅសហរដ្ឋអាម៉េរិកនាពេលខាងមុខឆាប់ៗនេះ។
តាមរបាយការណ៍របស់ក្រសួងផែនការបានឲ្យដឹងថា នៅទូទាំងប្រទេសមានសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ៥០ម៉ឺនសហគ្រាសនៅតាមវិស័យជាច្រើន ប៉ុន្តែសហគ្រាសធុនតូច និងមធ្យម ដែលបានដាក់ពាក្យប្រឡងកម្មវិធី«ស៥»នេះ នៅមានចំនួនតិចនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments