Ad Code

ក្រសួង​អប់រំ ​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​ទំព័រ Facebook ណា​ដែល​បន្ត​បង្ហោះ​វិញ្ញាសា ​និង​អត្រាកំណែ​ប្រលង​បាក់​ឌុប



ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​ទំព័រ Facebook​ទាំងឡាយ ណា​ដែល​បន្ត​បង្ហោះ​វិញ្ញាសា ​និង​អត្រាកំណែ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នៃ​សម័យ​ប្រឡង​កាលពី​ថ្ងៃទី​២០ ខែសីហា ២០១៨​ឬ​បាក់​ឌុប​។​

ការព្រមាន​របស់​ក្រសួង​អប់រំ​នេះ​ បាន​ធ្វើឡើង​ បន្ទាប់ពី​នា​ ពេល​ថ្មីៗ​នេះ​ មាន​ទំព័រ​បណ្ដាញ​សង្គម Face book និង​អ្នកប្រើប្រាស់​គណនី​ឯកជន​មួយចំនួន បាន​បង្ហោះ ចែករំលែក​វិញ្ញាសា និង​អត្រាកំណែ​មុខវិជ្ជា​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នៃ​សម័យ​ប្រឡង​កាលពី​ថ្ងៃទី​២០ ខែសីហា ២០ ១៨។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​បាន​ឲ្យ​បញ្ជាក់​ថា ​ការ​បង្ហោះ និង​ចែករំលែក​វិញ្ញាសា​ និង​អត្រាកំណែ​នេះ បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរ​ប្រព្រឹត្ត​ទៅ នៃ​ការ​ប្រឡង ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យកបាន។

ក្រសួង​អប់រំ បាន​អំពាវនាវ​ដល់​ម្ចាស់​ទំព័រ Facebook ដែល​កំពុង​ធ្វើ​សកម្មភាព​នេះ​ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​របស់​ខ្លួន។ ក្រសួង​អប់រំ បាន​ព្រមាន​ថា ប្រសិនបើ​សកម្មភាព​ចែករំលែក​រាល់​វិញ្ញាសា និង​អត្រាកំណែ​នៅតែ​បន្ដ​ក្នុង​រយៈពេល​ដំណើរ​កំណែ ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ផ្ទៀងផ្ទាត់​ពិន្ទុ មុន​ការប្រកាស​លទ្ធផល​ផ្លូវការ មិនទាន់​ត្រូវ​បាន​បញ្ចប់ ក្រសួង និង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ស្វែងរក​ម្ចាស់​ទំព័រ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនេះ មក​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់ខ្លួន​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​។​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២០​និង​២១​ ខែសីហា​ ដោយ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១ ៥២៦៨​នាក់​ស្រី ៥៨ ១៥៨ នាក់​ក្នុង​នោះ​មាន​បេក្ខជន​អវត្តមាន​ចំនួន​១៨៩៩​នាក់​ស្រី​៧៤៤​នាក់​ស្មើនឹង​១.៦៥​ភាគរយ។

បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​៦៤​ករណី​ដូចជា​វិលមុខ ខ្យល់គ ខ្សោយកម្លាំង​ដោយសារ​ការ​ទទួល​ទាន​អាហារ ​និង​សម្រាក​មិនបាន​គ្រប់គ្រាន់ ​ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់ពី​ទទួល​បាន​ការសង្គ្រោះ​បឋម​ក្នុង​នោះ​មាន​បេក្ខជន​៥​នាក់​មិនអាច​បន្ត​ការ​ប្រឡង​បាន​ដោយសារ​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។​មាន​បេក្ខជន​មាន​កំហុស​ឆ្គង​ចំនួន​៧​ករណី​ក្នុងនោះ​មាន​៥​នាក់​យក​ទូរស័ព្ទដៃ​ចូល​និង​២​នាក់​ទៀត​យក​ឯកសារ​ចូល​។​ចំណែក​គណៈ​មេ​ប្រ​យោ គ​មាន​កំហុសឆ្គង​ដោយមាន​ទុកជា​ប់​ខ្លួន​និង​ប្រើ​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​មណ្ឌល​ប្រឡង​ចំនួន​៥​ករណី។

ការ​ប្រឡង​នេះ ​ត្រូវ​បាន​ក្រសួង​អប់រំ​ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វាយតម្លៃ​ថា ​រៀបចំ​ដោយ​រលូន​ និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀ​ដោយសារ​តែ​មាន​ការ​សហការ​​បាន​យ៉ាង​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ក្រសួង​អប់រំ អ្នកសង្កេតការណ៍ អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស​បេក្ខជន​ប្រឡង​បាន​បំពេញភារកិច្ច​និង​គោរព​តាម​បទ​បញ្ញត្តិ​របស់​ក្រសួង​បាន​ល្អ។

ជាមួយ​គ្នា​នេះ​ដែរ ​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ ​បាន​ដំណើរការ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​មាន​របៀប​រៀប រយ​ល្អ​ដោយ​ពុំ​មាន​ឃើញ​នាំមក​ជាមួយ​នៅ​សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាមឃាត់​ឡើយ​ចូល​នៅក្នុង​មណ្ឌល​ប្រឡង​ឡើយ ដែល​ទាំង​នេះ​ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​បំពេញ​កិច្ច​ការងារ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ។

គួរ​បញ្ជាក់ថា​ លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា faceboo k.com/ moey s.gov.kh៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu