Ad Code

ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​ក្រៅ​បរទេស ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់



ភ្នំពេញ​ ៖ ​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​​ថា ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចំនួន​៣ បាន​ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់ ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ។

តាម​លោក កេ​ត សោ​ផាន់ ករណី​ទី​១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ចិន ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​នៅក្នុង​ប្រទេស​ចិន ហើយ​ពួកគេ​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ និង​ទី​២៣ ខែ សីហា ឆ្នាំ​២០១៨។

ករណី​ទី​២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៧​នាក់ (​ស្រី​១​នាក់​) មកពី​ខេត្ត ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មានបំណង​ត្រឡប់​មក​កម្ពុជា​វិញ​។ ពលករ​-​ពល​ការិនី​ទាំង​៧​នាក់ បាន​មកដល់​កម្ពុជា​វិញ ចន្លោះ​ពីថ្ងៃ​ទី​០៤ ដល់ទី​១៥ ខែសីហា ឆ្នាំ ២០១៨។​

ករណី​ទី​៣. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួយ​សម្របសម្រួល​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​នេសាទ​ខ្មែរ​ចំនួន​២​នាក់ មាន​អាយុ​២៨​ឆ្នាំ និង​៣៦​ឆ្នាំ មកពី​ខេត្តកំពង់ធំ ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន ក្រោយពី​ទូក​នេសាទ​ដែល​ពួកគេ​ធ្វើការ បាន​ចូលក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​។ ពលករ​ទាំង​២​នាក់​នោះ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨។

ករណី​ទី​៤. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ធ្វើ​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​១០​នាក់ មាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំ​ដល់​៣៤​ឆ្នាំ មកពី​ខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។ ស្ត្រី​រងគ្រោះ​ទាំង​១០​នាក់ ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​១៣ ទី​១៨ និង​ទី​២៥ ខែសីហា ឆ្នាំ​២០១៨៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu