Ad Code

លោក​Duterte រងគ្រោះ​ដោយ​ពាក្យ​បណ្តឹង​ថ្មី​នៅ ICC អំពី​សង្គ្រាម​ថ្នាំញៀន



សកម្មជន​និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​៨​នាក់​នៃ “​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​” របស់​ហ្វីលីពីន​បានដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​អង្គារ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​នេះ​ជា​ញត្តិ​ទី​២​ហើយ​ដែល​ចោទប្រកាន់​លោក​ប្រធានាធិបតី Rodrigo Duterte ពីបទ​មនុស្សឃាត​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​

ពាក្យបណ្តឹង​៥០​ទំព័រ​បាន​អំពាវនាវ​ឲ្យ​មានការ​ប្តឹង​ចោទប្រកាន់​លោក Duterte ចំពោះ​អ្វីដែល​ខ្លួន​ពិពណ៌នា​ថា​ជាការ​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​លើ​មនុស្ស​រាប់ពាន់នាក់​ដែល​រួមទាំង​ការសម្លាប់​ដោយ​ប៉ូលិស​ដែល​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការទទួលខុសត្រូវ​ផងដែរ​។​

ពាក្យបណ្តឹង​នេះ​បាន​ឲ្យ​ដឹងថា អ្នក​រិះគន់​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​របស់លោក Duterte ត្រូវបាន​គេ​ធ្វើ​ទុក​បុក​ម្នេញ​ហើយ​ករណី​ដែល​ប្តឹង​ដោយ​គ្រួសារ​ជនរងគ្រោះ​បាន​បាត់​សូន្យឈឹង​។​

ញត្តិ​ទៅ ICC បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ស្រដៀង​គ្នា​មួយ​ដែល​បានដាក់​នៅក្នុង​ខែមេសា​ឆ្នាំ​២០១៧​ដោយ​មេធាវី​ជនជាតិ​ហ្វីលីពីន​មួយរូប​ដែល​ក្នុងនោះ ICC បានចាប់ផ្តើម​ធ្វើការ​ពិនិត្យ​ជាបឋម​។​

ញត្តិ​ចុងក្រោយ​បំផុត​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​បណ្តាញ​សកម្មជន អាចារ្យ​និង​សមាជិក​សហគមន៍​ក្រីក្រ​ដែល​បាន​រងគ្រោះ​ដោយ​ការបង្ក្រាប​របស់លោក Duterte ។ ពាក្យបណ្តឹង​នេះ​រួមមាន​ការផ្តល់​សក្ខីកម្ម​ពី​សាច់ញាតិ​៦​នាក់​នៃ​អ្នក​ទាំង​៨​ដែល​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​។​

លោក Neri Colmenares មេធាវី​តំណាង​ក្រុម​នេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​លោក Duterte ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការបញ្ជា​ឲ្យ​ប៉ូលិស​រដ្ឋ​ធ្វើការ​សម្លាប់​រង្គាល​”​។ លោក​បាន​និយាយ​បែបនេះ​បន្ទាប់ពី​ពាក្យបណ្តឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ICC​។​

លោក Duterte បាន​និយាយថា លោក​បាន​ប្រាប់​ប៉ូលិស​ឲ្យ​សម្លាប់​តែ​ពេលណា​ដែល​ជីវិត​របស់​ពួកគេ​ស្ថិតនៅក្នុង​គ្រោះថ្នាក់​ប៉ុណ្ណោះ​។

ប៉ូលិស​បាន​និយាយថា មនុស្ស​ជាង​៤,៤០០​នាក់​ដែល​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ពេលនោះ​គឺជា​អ្នកជួញដូរ​ដែល​ពួកគេ​ទាំងអស់​បាន​ប្រឆាំងនឹង​ការចាប់ខ្លួន​ហើយ​បាន​បដិសេធ​ការចោទប្រកាន់​របស់​ស​កម្ម​ជន​អំពី​ការបិទបាំង​និង​ការសម្លាប់​អ្នកប្រើប្រាស់​គ្រឿងញៀន​។​
​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Harry Roque បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ញ​តិ្ត ICC ចុងក្រោយ​បំផុត​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​ហើយ​នឹង​មិន​រីកចម្រើន​ឡើយ​ព្រោះ​ហ្វីលីពីន​បាន​ដក​សមាជិកភាព​របស់​ខ្លួន​នៅ ICC រួច​ទៅហើយ​៕ REUTERS



[caption id="attachment_968342" align="alignnone" width="700"] FILE PHOTO[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu