នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានទៅដល់ទីក្រុង Cape Town កាលពីថ្ងៃអង្គារខណៈដែលលោកស្រីបានចាប់ផ្តើមដំណើរទស្សនកិច្ចទ្វីបអាហ្វ្រិកដែលនៅទីនោះលោកស្រីសង្ឃឹមថានឹងបង្ហាញមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយចាកចេញពី EU។
លោកស្រី May កំពុងប្រឈមនឹងសម្ពាធនៅក្នុងប្រទេសពីអ្នកដែលសង្ស័យលើសមត្ថភាពរបស់លោកស្រីក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅពេលដែលចក្រភពអង់គ្លេសបានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងប្រ៊ុសសែល។
ដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសអាហ្វ្រិកខាងត្បូង នីហ្សេរីយ៉ានិងកេនយ៉ាគឺជាលើកដំបូងទៅកាន់ទ្វីបអាហ្វ្រិកចាប់តាំងពីលោកស្រីក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៦មក។ ដំណើរទស្សនកិច្ចនេះនឹងត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីពង្រឹងអំណាចរបស់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រី។
លោកស្រី May បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលយើងត្រៀមចាកចេញពី EU, ឥឡូវនេះគឺជាពេលវេលាសម្រាប់ចក្រភពអង់គ្លេសដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសកលរបស់ខ្លួន”។
ការិយាល័យរបស់លោកស្រីបានឲ្យដឹងថាលោកស្រីនឹងប្រើសុន្ទកថាក្នុងទីក្រុង Cape Town ដើម្បីបង្ហាញពីរបៀបដែលចក្រភពអង់គ្លេសអាចបង្កើនភាពជាដៃគូជាមួយអាហ្វ្រិកបានជាពិសេសតាមរយៈការផ្លាស់ប្តូរអំណាចនៃពាណិជ្ជកម្មឯកជននិងការវិនិយោគពីចក្រភពអង់គ្លេស។
លោកស្រី May នឹងបង្ហាញលោកប្រធានាធិបតី Cyril Ramaphosa នូវកណ្តឹងមួយពីនាវា Mendi ដែលបានលិចនៅផ្លូវទឹក English Channel ក្នុងឆ្នាំ១៩១៧ដោយធ្វើឲ្យទាហានអាហ្វ្រិកខាងត្បូងជាង៦០០នាក់លង់ទឹកស្លាប់ខណៈដែលពួកគេកំពុងត្រៀមដើម្បីចូលរួមជាមួយកងកម្លាំងសម្ព័ន្ធមិត្តដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១។
វាគឺជាគ្រោះមហន្តរាយដែនសមុទ្រដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាហ្វ្រិកមួយនេះហើយបានក្លាយជានិមិត្តរូបនៃការបូជាសង្គ្រាមដ៏អស្ចារ្យរបស់ខ្លួន។
លោកស្រីនាយករដ្ឋមន្ត្រីក៏ត្រូវបានគេរំពឹងថា នឹងទៅទស្សនាកោះ Robben ផងដែរដែលជាកន្លែងអតីតប្រធានាធិបតី Nelson Mandela ត្រូវជាប់គុកអស់រយៈពេលជាច្រើនទសវត្សដើម្បីរំលឹកខួបលើកទី១០០នៃកំណើតរបស់គាត់។
លោកស្រី May នឹងធ្វើដំណើរទៅកាន់ប្រទេសនីហ្សេរីយ៉ានៅថ្ងៃពុធសម្រាប់ជំនួបជាមួយលោកប្រធានាធិបតី Muhammadu Buhari ក្នុងរដ្ឋធានី Abuja និងជួបជាមួយជនរងគ្រោះនៃទាសភាពសម័យទំនើបក្នុងទីក្រុង Lagos។
នៅថ្ងៃព្រហស្បតិ៍ លោកស្រីនឹងជួបជាមួយប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta បន្ទាប់ពីលោកវិលត្រឡប់មកពីការជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោននិងមុនពេលលោកធ្វើដំណើរទៅប្រទេសចិនដើម្បីជួបជាមួយលោកប្រធានាធិបតី Xi Jinping៕ AFP
Source: Kampuchea Thmey Daily
0 Comments