Ad Code

សំណុំ​រឿង​ មន្ត្រី​យោធា​ម្នាក់ និង​បក្ខពួក​លក់​ដី​ខ្យល់​នៅ​កំពត​ ឧទ្ធរណ៍​ បង្កើន​ទោស​ជាប់គុក លើស​តុលាការ​ក្រុងភ្នំពេញ ៣​ដង



ភ្នំពេញ ​៖​ ដូច​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ លោក ប្លង់ សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក នួន រតនា​ និង​លោកស្រី គឹម ដា​នី ជា​ចៅក្រម​ប្រឹក្សា និង​មាន​លោកស្រី យិន សុគន្ធា​រី ជា​តំណាង​មហាអយ្យការ បាន​បើកសវនាការ​ប្រកាស​សាលដីកា ចំនួន ២ សំណុំរឿង ដែល​មាន​ជនជាប់ចោទ ជា​មន្ត្រី​យោធា​ម្នាក់ និង​ជា​អតីតមន្ត្រី​ក្រុម​ប្រឹក្សាឃុំ នៅ​ខេត្តកំពត​ម្នាក់​។

សាលដីកា ដែល​ប្រកាស​នៅ​ព្រឹក​នេះ បានសម្រេច ផ្ដន្ទាទោស ជនជាប់ចោទ​ទី​១​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ ជា​មន្ត្រី​យោធា និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដូចខាងក្រោម​៖

-​សំណុំរឿង​ទី​១៖ សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ កំណត់​រយៈពេល ៦​ខែ ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ទាំង អស់ ពីបទ ឆបោក និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​រួមគ្នា​សង សំណង​ទៅ​ដើម​បណ្តឹង​ចំនួន ៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត ចំនួន ៥០០០​ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ។

-​និង​សំណុំរឿង​ទី​២៖ មាន​ចំនួន ០៣ បទចោទប្រកាន់ សម្រេច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ កំណត់​រយៈពេល ៣​ឆ្នាំ ដោយ​អនុវត្ត​ក្នុង​ពន្ធនាគារ ត្រឹម ១​ឆ្នាំ​៦​ខែ​ក្នុង​ពន្ធនាគារ ទោស​នៅសល់​ពី​នោះ​ព្យួរ​ធម្មតា និង​តម្រូវ​ឲ្យ​សង​ប្រាក់ ៧៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត ចំនួន ១០​ម៉ឺន​ដុល្លារ ទៅ​ដើមបណ្តឹង ពីបទ ក្លែងបន្លំ ស្នាម​មេដៃ​ពលរដ្ឋ ហត្ថលេខា និង​ត្រា​អាជ្ញាធរ នៅ​ខេត្តកំពត​, ពីបទ ប្រើប្រាស់​លិខិត​ក្លែង និង​ពីបទ ឆបោក ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​មេធាវី តំណាង ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កូនក្តី របស់ខ្លួន ពិតជា​សប្បាយចិត្ត នៅពេលដែល តុលាការ​សាលាឧទ្ធរណ៍ សម្រេច ផ្តន្ទាទោស ក្រុម​ជនជាប់ចោទ ដាក់ពន្ធនាគារ​បន្ថែម​បែបនេះ​។

​ទោះជា​យ៉ាងណា ពួកគាត់​យល់ថា ការបន្ថែម​ទោស​ក្នុង​ពន្ធនាគារ​នេះ ហាក់​មិនទាន់ សម​នឹង​អំពើ​ដែល ក្រុម​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​នោះ​ទេ គួរតែ​តុលាការ ដាក់​ឲ្យ​បាន​យូរ​ជាង​នេះ ដើម្បី​កុំ​ឲ្យ​បុគ្គល​មួយចំនួន​យក​គំរូ​តាម ជន​ជាប់​ចោ​ទាំង ២​នាក់​នេះ​។​

គួរ​រំលឹក​ថា លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់ បាន​ចេញ​សាលា​ក្រម ព្រហ្មទណ្ឌ​លេខ ១១៩៤ "​ម​" ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ និង​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១១៩៥ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ដោយ​សម្រេច​ផ្ដន្ទាទោស ជនជាប់ចោទ ទាំង​២​នាក់ ចំនួន ៤​បទ​ចោទ នៃ ២​សំណុំរឿង​ផ្សេងគ្នា ដោយ​ដាក់គុក ២​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ត្រឹមតែ ៦​ខែ ប៉ុណ្ណោះ ទើប ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង នឹង​សាលក្រម​របស់លោក​ចៅក្រម កូយ សៅ តែម្តង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu