Ad Code

លោក​មា​ជ សុវណ្ណារ៉ា មិន​ចង់​ឮ​ពាក្យ​ថា ការ​ដោះលែង​រូបលោក និង​អ្នក​ផ្សេងទៀត មកពី​សម្ពាធ​អន្តរជាតិ



ភ្នំពេញ​ ៖ ​ក្រុម​សកម្មជន​អតីត​គណបក្សប្រឆាំង​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​លោក មា​ជ សុវណ្ណារ៉ា អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង បាន​ចេញពី​ពន្ធនាគារ​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​១ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ ក្រោយពី​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស ដោយ​កម្លាំង​សមត្ថកិច្ច បាន​ជូន​ទៅ​ដល់​ផ្ទះ​តែម្តង ហើយ​ការ​ពន្យារពេល​នៃ​ការ​ដោះលែង​រហូតដល់​យប់​ជ្រៅ​បែបនេះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ពីព្រោះ​មាន​មនុស្ស​ច្រើន​បាន​នាំគ្នា​ទៅ​រង់​ចាំ​មើល នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក មា​ជ សុវណ្ណារ៉ា។

អតីត​សមាជិក​បក្ស​ប្រឆាំង​ទាំង​១៤​រូប ដែល​ត្រូវ​បាន​លើកលែងទោស និង​ដោះលែង​នោះ រួមមាន ១. ឈ្មោះ មា​ជ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ២. ឈ្មោះ អឿ ណា​រិត ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ៣. ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​អ្នក​ទាំង​៣​នាក់​ខាងលើ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ ២៩០ “​ប​” ក្រ​៣ ភ​.​ព​.​ព្រ​.​ទ ចុះ​ថ្ងៃទី​២១-០៧-២០១៥ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម​) ៤. ឈ្មោះ នាង សុ​ឃុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ៥. ឈ្មោះ សាន គឹម​ហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ៦. ឈ្មោះ ស៊ុំ ពុ​ទ្ធី ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ៧. ឈ្មោះ កែ ឃីម ហៅ វិ​ន​ឌី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ៨. ឈ្មោះ ទេព ណារិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ៩. ឈ្មោះ អាន បឋម ហៅ សុខុម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ១០. ឈ្មោះ សាន សីហៈ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ១១. ឈ្មោះ អ៊ុក ពេជ្រ​សំណាង ភេទ​ប្រុស អាយុ ៥១​ឆ្នាំ (​អ្នក​ទាំង​៨​នាក់​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​០៧​ឆ្នាំ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម ហើយ​សាលក្រម​ព្រហ្មទណ្ឌ​នេះ ត្រូវ​បាន​ភាគី​ជនជាប់ចោទ​ប្តឹង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​បាន​ចេញ​សាលដីកា​លេខ ៤៨ ក្រ​IV “​ណ​” ចុះ​ថ្ងៃទី​១០-០៥-២០១៨ ដោយ​តម្កល់​ការសម្រេច​ផ្តន្ទាទោស ដូច​តុលាការ​ជាន់​ទាប​) ១២. ឈ្មោះ រឿន ចិ​ត្រា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ១៣. ឈ្មោះ យន់ គឹម​ហួរ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ១៤. ឈ្មោះ យា ថុង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ (​អ្នក​ទាំងនេះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​០៧​ឆ្នាំ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម)។

សូម​បញ្ជាក់​ថា មុននឹង​មានការ​ដោះលែង​នេះ អតីត​សមាជិក​អតីត​គណបក្សប្រឆាំង​ទាំង​១៤​នាក់​នេះ បានធ្វើ​លិខិត​គោរព​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ដោយ​ស្នើសុំ​សម្តេច​ជួយ​អន្តរាគមន៍ ស្នើ​លើកលែងទោស​ឲ្យ​ពួកគេ ដើម្បី​បាន​រួចផុត​ទោស និង​មាន​សេរីភាព ហើយ​អ្នក​ទាំង​១៤​រូបនេះ ក៏បាន​ស​ម្រេច​ដក​បណ្តឹងសាទុក្ខ និង​បណ្តឹង​បណ្តឹងឧទ្ធរណ៍​ផងដែរ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ដែល​នាំ​ឲ្យ​សាលក្រម និង​សាលដីកា​របស់​តុលាការ បាន​ចូល​ជា​ស្ថាពរ ដែលជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ចប់​សំណុំ​រឿងនេះ​តាម​នីតិវិធី​ច្បាប់ និង​ឈានទៅ​ស្នើសុំ​លើកលែងទោស។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ លោក មា​ជ សុវណ្ណារ៉ា បាន​ថ្លែង​អំណរគុណ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ធ្វើ​អន្តរាគមន៍​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​មានការ​លើកលែងទោស​ដ​ល់​រូបលោក និង​សកម្មជន​ទាំងអស់​នាពេលនេះ​។ ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក មា​ជ សុវណ្ណារ៉ា បាន​ហៅ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា​ជា​អ្នកនយោបាយ​ឆ្លាត​វៃ និង​បាន​អះអាងថា “​អ្នកនយោបាយ គេ​មិនដែល​បិទផ្លូវ​គ្នា​ទេ គេ​បិទ​ខាង​នេះ គេ​ទុក​ខាង​នោះ​” ។ លោក​ជឿជាក់ថា ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា អាច​ធ្វើការ​ជាមួយគ្នា​បាន ពីព្រោះ​សម្ដេច​តេ​ជោ ហ៊ុន សែន មានកូន​ជា​បណ្ឌិត ជា​អនុបណ្ឌិត ដែល​ត្រូវ​បន្ត​នយោបាយ​ត​ទៅមុខទៀត។

លោក មា​ជ សុវណ្ណារ៉ា បាន​អះអាងថា យើង​ប្រឆាំង​គ្នា​តែ​ទៅលើ​គោលនយោបាយ​ប៉ុណ្ណោះ តែ​យើង​មិនអាច​ប្រឆាំង​កាប់សម្លាប់​គ្នា​ដូច​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះទេ ដូច្នេះ​លោក​សង្ឃឹមថា ខ្មែរ​នៅតែ​អាច​ធ្វើការ​ជាមួយគ្នា​បាន​។ ជាមួយគ្នា​នោះ ដាក់​ក្តី​សង្ឃឹមលើ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ថា ទោះបីជា​ស្ថិត​ក្នុង​នីតិវិធី​ណាក៏ដោយ សម្តេច​នឹង​អាច​ធ្វើ​ឲ្យ​មេ​បក្ស​របស់​ខ្លួន គឺ​លោក កឹម សុខា បាន​ចាក​ចេញពី​ពន្ធនាគារ​ដូច​រូបលោក​ផង​ដែរ។

ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​មួយចំនួន​ដែល​ថា ការ​ដោះលែង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្សប្រឆាំង​ទាំង​១៤ រូប មាន​ទាក់ទង​ទៅ​នឹង​សម្ពាធ​បរទេស និង​ការទិញ​លក់ ឬ​ជា​ថ្នូរ​អ្វីមួយ​នោះ លោក មា​ជ សុវណ្ណារ៉ា អះអាងថា មិនមាន​ទេ និង​បាន​បញ្ជាក់ថា ការ​ដោះលែង​នេះ​កើតឡើង​ដោយ​ការ​ឯកភាព​គ្នា​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​នេះ​ជា​របត់​នយោបាយ​ថ្មី​មួយ ដែល​ខ្ញុំ​ចង់​ឃើញ​ការ​ឯកភាព​រវាង​ខ្មែរ​និង​ខ្មែរ ...​ខ្ញុំ​អត់​ចង់​ឮ​ថា មកពី​សម្ពាធ​អន្តរជាតិ​អី​នោះទេ គឺ​យើង​អ្នកនយោបាយ​មិន​បិទផ្លូវ​គ្នា​នោះ​ទេ ទុក​ផ្លូវ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​”​។​

ដោយឡែក ចំពោះ​ការដោះលែង​រហូត​យប់​ជ្រៅ​បែបនេះ លោក មា​ជ សុវណ្ណារ៉ា អះអាងថា ព្រះរាជក្រឹត្យ​ចេញ​ប្រហែល​ម៉ោង​៦​ល្ងាច ប៉ុន្តែ​ត្រូវបាន​អូសបន្លាយ​ការដោះលែង​រហូត​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​នេះ គឺជា​ការទាក់ទង​ទៅ​នឹង​បញ្ហា​សុវត្ថិភាព ពីព្រោះ​មាន​មនុស្ស​ជាច្រើន​មក​ចាំ​ទទួល​នៅ​ខាងមុខ​ពន្ធនាគារ ដែល​សមត្ថកិច្ច​មិនអាច​សន្និដ្ឋាន​ថា មាន​អ្នក​ណា​ខ្លះ មានគំនិត​បែបណាខ្លះ ខណៈ​ដែល​អ្នក​ទី​១ និង​អ្នក​ទី​២ កំពុងតែ​សម្របសម្រួល​ចាប់ដៃ​គ្នា​ដោះស្រាយ​បញ្ហា ប៉ុន្តែ​អាច​នឹងមាន​អ្នក​ទី​៣ មក​បង្ក​ជា​បញ្ហា ទើប​មានការ​ពន្យារពេល​បែបនេះ ដូច្នេះ​វា​មិនមែន​ជា​ការគាបសង្កត់ ឬ​មាន​បញ្ហា​អ្វីមួយ​នោះទេ។

លោក មា​ជ សុវណ្ណ​រ៉ា អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​ត្រូវបាន​ឃុំខ្លួន​ក្រោម​បទ​ចោទ “​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​កុប្បកម្ម ការប្រើ​អំពើ​ហិង្សា និង​ការ​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ​” នៅក្នុង​ព្រឹត្តិការណ៍​វាយតប់​គ្នា ដោយ​ហិង្សា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ហើយ​ក្រោយមក​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ជា​សកម្មជន​អតីត​គណបក្សប្រឆាំង​មួយ​នេះ ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​បទល្មើស​ដូចគ្នា​នេះ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu