ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយ កាលពីថ្ងៃអង្គារថា ការវាយប្រហារពីអាកាសរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតក្នុងសង្គ្រាមយេមែនបានបណ្ដាលឲ្យមានជនស៊ីវិលរងគ្រោះយ៉ាងធ្ងន់ធ្ងរនៅតាមទីផ្សារ កន្លែងរៀបអាពាហ៍ពិពាហ៍ និងលើទូកនេសាទ ដែលមានមួយចំនួនអាចបង្កទៅជាឧក្រិដ្ឋកម្មសង្គ្រាម។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងដឹកនាំសម្ព័ន្ធភាពនៃរដ្ឋអារ៉ាប់និកាយនិកាយស៊ុននីគាំទ្រដោយលោកខាងលិចមួយដែលកំពុងព្យាយាមស្ដារឡើងវិញនូវរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រធានាធិបតីយេមែនលោក Abd-Rabbu Mansour Hadi ដែលត្រូវបានបណ្តេញចេញពីរដ្ឋធានី Sanaa ក្នុងឆ្នាំ២០១៥ដោយក្រុម Houthi សម្ព័ន្ធអ៊ីរ៉ង់។
ក្រុមនេះនិយាយថា អ្នកប្រយុទ្ធនៃចលនា Houthi បានបាញ់មីស៊ីលដាក់អារ៉ាប៊ីសាអ៊ូឌីត បិទការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅទីក្រុង Taiz និងបានបាញ់គ្រាប់ផ្លោងលើទីក្រុងយុទ្ធសាស្ត្រមួយនេះពីតំបន់ខ្ពង់រាប។ ក្រុមនេះបានបន្ថែមថា ពួកគេក៏បានអនុវត្តការធ្វើទារុណកម្មផងដែរ។
ក្រុមអ្នកជំនាញឯករាជ្យបាននិយាយនៅក្នុងរបាយការណ៍លើកដំបូងរបស់ពួកគេទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សថា កងកម្លាំងក្រុមចម្រុះបានដាក់កំហិតយ៉ាងធ្ងន់ធ្ងរទៅលើកំពង់ផែសមុទ្រក្រហមនិងព្រលានយន្តហោះ Sanaa ដោយមិនឲ្យមានគ្រឿងផ្គត់ផ្គង់សំខាន់ៗទេដែលនេះជាហេតុអាចបង្កទៅជាឧក្រិដ្ឋកម្មអន្តរជាតិ។
ក្រុមសង្កេតការណ៍បាននិយាយថា “ការវាយប្រហារពីអាកាសដោយក្រុមចម្រុះបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់និងរបួសជាច្រើនក្នុងរយៈពេលបីឆ្នាំកន្លងមក។ ការវាយប្រហារពីអាកាសបែបនេះបានធ្វើឲ្យប៉ះពាល់ដល់តំបន់លំនៅដ្ឋាន ទីផ្សារ ពិធីបុណ្យសព ពិធីមង្គលការ កន្លែងឃុំឃាំង ទូកជនស៊ីវិលនិងសូម្បីតែទីតាំងពេទ្យ”។
ការស៊ើបអង្កេតរបស់ខ្លួនលើឧប្បត្តិហេតុចំនួន១១ដង បានលើកឡើងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរការកំណត់គោលដៅ ដែលបានអនុវត្តដោយក្រុមចម្រុះ។ ការវាយប្រហារ ដែលមិនយកចិត្តទុកដាក់លើមនុស្សឬរចនាសម្ព័ន្ធ ដែលត្រូវបានការពារដោយច្បាប់មនុស្សធម៌អន្តរជាតិគឺជាការរំលោភច្បាប់៕
REUTERS
Source: Kampuchea Thmey Daily
0 Comments