ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានបើកសវនការជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង ហើយបានសម្រេចតម្កល់សេចក្តីសំរឹចរបស់គណ:កម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ទុកជាបានការដដែល តែមានការកែប្រែខ្លះ គឺម្នាក់ជាមេក្លោងសម្រេចពិន័យ១០លានរៀលដដែល និង២នាក់សម្រេចពិន័យក្នុងម្នាក់ៗ៥លានរៀល រីឯ២នាក់ទៀត សម្រេចឲ្យរួចខ្លួន និងបើកឲ្យមានការប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់។
បុគ្គល៥រូប ដែលត្រូវអង្គជំនុំជម្រះ គ.ជ.ប សំរេចនោះរួមមាន ឈ្មោះ ថោង សារឿន និងឈ្មោះ គ្រុយ គឹមសាំង ត្រូវបានពិន័យក្នុងម្នាក់ៗ៥លានរៀល ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌ។ រីឯ២នាក់ គឺឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការពិន័យ ហើយម្នាក់ទៀត ឈ្មោះ ជា ជីវ ដែលជាមេដឹកនាំ ត្រូវបានតម្កល់សេចក្តីរបស់អង្គជំនុំជម្រះរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងទុកជាបានការដដែល គឺសំរេចពិន័យ១០លានរៀល។
សេចក្តីសម្រេចនេះ ធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដោយលោក ស៊ិក ប៊ុនហុក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប។ ចំណែកមេធាវីតំណាងឲ្យដើមបណ្តឹងជំទាស់អះអាងថា នឹងប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញទៀត។
គួររំលឹកថា នៅក្នុងរយៈកាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត បុគ្គលទាំង៥នាក់ បានធ្វើការបង្ហោះរូបភាព និងសារមួយចំនួន ដោយលើកម្រាមដៃ ក្នុងន័យបំផុសបំផុលមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ដោយគេប្រើពាក្យមួយឃ្លាថា “យុទ្ធនាការម្រាមដៃស្អាត” មានន័យថា មិនចូលរួមបោះឆ្នោត។ ក្រោយពីមានយុទ្ធនាការម្រាមដៃស្អាត ក្នុងគោលបំណងរារាំងមិនឲ្យប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរបែបនេះ ទើបក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងទៅលើមន្ត្រីទាំង៥ រូបនោះទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នៅក្នុងអង្គហេតុ ដែលនាំឲ្យមានការប្ដឹងនេះ គឺកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោក ជា ជីវ បានរៀបចំជួបជុំពិសានំបញ្ចុកនៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅភូមិជុំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានអញ្ជើញអតីតសហការីចូលរួមផង ហើយក្នុងកម្មវិធីនេះមានថតរូបទុកជាអនុស្សាវរីយ៍ ដោយលើកម្រាមដៃឡើងលើ។ ក្រោយពីបញ្ចប់ការជួបជុំលោក ជា ជីវ លោក គ្រុយ គឹមសាំង និងលោក ថោង សារឿន បានបង្ហោះរូបថតនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយមានសរសេរពាក្យពេចន៍ដូចជា ម្រាមដៃខ្ញុំពិតជាស្អាត ម្រាមដៃខ្ញុំត្រូវតែស្អាត បើគ្មានគណបក្សសង្គ្រោះជាតិ និងម្រាមដៃស្អាត ហើយបាន Tag ឈ្មោះគណនីបណ្ដាញហ្វេសប៊ុកឈ្មោះ ម៉ាង ឈុន និងលោក ពៅ តាំង។
នៅក្នុងសវនាការជំនុំជម្រះលោក កែត ឃី មេធាវីតំណាងដោយអាណត្តិឲ្យដើមបណ្ដឹងជំទាស់ ក៏ដូចជាមេធាវីផ្សេងទៀតបានលើកឡើងថា សកម្មភាពរបស់កូនក្តីខ្លួនពុំបានធ្វើឲ្យខូចប្រយោជន៍ដល់ការបោះឆ្នោតនោះទេ បើពិនិត្យតាមលទ្ធផលបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោត ដែលផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយលោកបានស្នើឲ្យអង្គជំនុំជំរះ គ.ជ.ប លើកលែងការចោទប្រកាន់កូនក្តីទាំង៥រូប។
ចំណែកលោក ប៊ុន កែវលីម មេធាវីតំណាងដោយអាណត្តិឲ្យចុងបណ្ដឹងជំទាស់បានថ្លែងនៅក្នុងអង្គសវនាការនោះថា ការលើកម្រាមដៃ គឺមានលក្ខណៈជាការប្រមូលផ្ដុំ ហើយបានធ្វើសកម្មភាពបំបែកគ្នាទៅផ្សព្វផ្សាយនៅតាមស្រុក ក្នុងគោលបំណង ដើម្បីគាំទ្រសារអំពាវនាវរបស់លោក សម រង្ស៊ី និងលោក ជូង ជូងី ដើម្បីរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ តាមលោក ប៊ុន កែវលីម ការរារាំង គឺអាចពិនិត្យទៅលើសកម្មភាព២ គឺសកម្មភាពដោយផ្ទាល់និងសកម្មភាពដោយប្រយោល។ ដូច្នេះការធ្វើសកម្មភាពដោយលើកម្រាមដៃស្អាត គឺជាសកម្មភាពរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតដោយប្រយោល និងមានការចាត់តាំង។
នៅក្នុងអង្គហេតុមួយចំនួន ក្នុងចំណោមអង្គហេតុជាច្រើន ដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចនោះសំអាងថា តាមប្រវត្តិនៃការបោះឆ្នោតកន្លងមក ភាគរយនៃអ្នកចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានចំនួនច្រើនជាងភាគរយនៃអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុន្តែសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ ២០១៨ នេះ ភាគរយនៃចំនួនអ្នកចេញទៅបោះឆ្នោតបែរជាតិចជាងទៅវិញ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានអ្នកចេញទៅបោះឆ្នោតជាង៩០ ភាគរយ រីឯការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នេះមានតែជាង៨២ភាគរយប៉ុណ្ណោះ។
តាមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ដែរថា តាមប្រវត្តិនៃការបោះឆ្នោតភាគរយនៃសន្លឹកឆ្នោតមិនបានការអាចមានចន្លោះពី១ភាគរយ ទៅជាង៣ ភាគរយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨នេះ តួលេខភាគរយនៅសន្លឹកឆ្នោតមិនបានការបានកើនឡើងដល់ជាង៩ភាគរយ។ ដូច្នេះសកម្មភាពយុទ្ធនាការម្រាមដៃស្អាតនេះ បានធ្វើឲ្យមានព្យសនកម្ម ដល់អត្រាអ្នកទៅបោះឆ្នោត និងអត្រាសន្លឹកឆ្នោតមិនបានការបានកើនឡើង។ ម្យ៉ាងទៀត សកម្មភាពផ្សព្វផ្សាយយុទ្ធនាការម្រាមដៃស្អាត ដែលធ្វើឡើងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អាចមានឥទ្ធិពលទៅលើដំណើរការបោះឆ្នោត។
សូមបញ្ជាក់ថា សវនាការជំនុំជម្រះនេះ បានធ្វើឡើងនៅសាលប្រជុំ គ.ជ.ប ហើយក្រុមប្រឹក្សាជំនុំជម្រះរួមមាន ទី១, លោក ស៊ិក ប៊ុនហុក ប្រធាន ទី២, លោក នុត សុខុម ជាសមាជិក ទី៣, លោក មាន សទិ ជាសមាជិក ទី៤, លោក ឌឹម សុវណ្ណារុំ ជាសមាជិក ទី៥, លោក ឌុច សុន ជាសមាជិក ទី៦, លោក ហ៊ីង ធីប្ញទ្ធិ ជាសមាជិក ទី៧, លោក ឯម សូផាត ជាសមាជិក ទី៨, លោក ហ៊ែល សារ៉ាត់ ជាសមាជិក និងទី៩, លោក ហង្ស ពុទ្ធា ជាសមាជិក។ ក្នុងនោះ មានការចូលរួមពីមេធាវីតំណាងដើមបណ្ដឹងជំទាស់ និងមេធាវីតំណាងឲ្យចុងបណ្ដឹងជំទាស់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments