សៀមរាប ៖ បុរសមគ្គទេសក៍ ភាសាអង់គ្លេសម្នាក់ ត្រូវបានមនុស្សមួយក្រុមព្រួតគ្នាវ៉ៃ ដោយគេយល់ច្រឡំថា គាត់ជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍រួចបើកម៉ូតូគេចខ្លួនបាត់។ ប៉ុន្តែជនរងគ្រោះបានឡាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ចោរប្លន់ម៉ូតូតាមពិតករណីនេះ បន្ទាប់ពីសមត្ថកិច្ចហៅជនរងគ្រោះមកសួរនាំទើបដឹងថា មិនមែនជាករណីប្លន់នោះទេ។
នគរបាលជំនាញក្រុងសៀមរាបបានឲ្យដឹងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈការឡាយវិឌីអូ នៅលើបណ្តាញហ្វេសប៊ុក របស់អាខោន "Hout Robin"ដែលបាននិយាយលើកឡើងថា មានករណីក្រុមចោរប្លន់ នៅក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៨ខែសីហា ឆ្នាំ២០១៨ នេះ នគរបាលក្រុងសៀមរាបសូមធ្វើការច្រានចោល និងបំភ្លឺដូចខាងក្រោម។
ជនរងគ្រោះនៅក្នុងករណីនេះ ឈ្មោះ ហៀក សេងហួត ឈ្មោះក្រៅហួត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមគ្គុទ្ទេសក៍ភាសាអង់គ្លេស មានទីលំនៅ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានលេខទូរស័ព្ទ ០៩២២៦៥៦១១។
ការបំភ្លឺដូចតទៅ ដោយមានការណាត់ជូនភ្ញៀវទេសចរណ៍ ដើរទស្សនាតំបន់ប្រាសាទអង្គរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីព្រឹក ទៀបភ្លឺ ជនរងគ្រោះជិះរថយន្តមួយគ្រឿងម៉ាក កាមរីកាលីហ្វញ៉ា ពណ៌ទឹកប្រាក់ ស្លាកលេខ ក6041 ភព2 ដើម្បីទៅផឹកកាហ្វេ នៅហាងអ៊ីហុង នៅម្តុំផ្សាររាត្រី ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោយផឹកកាហ្វេហើយនៅវេលាម៉ោង៤និង២០នាទី រូបគាត់បាន ឡើងជិះរថយន្ត ដើម្បីបន្តចេញដំណើរ ទៅជួបភ្ញៀវដែលបានណាត់ជួប ខណៈដែលមេឃកំពុងមានភ្លៀងធ្លាក់ផងដែរ។ តែទៅដល់ចំណុច ខាងមុខ ភោជនីយដ្ឋានហូមថូ (Home2) ស្ថិតក្នុងភូមិសង្កាត់ដដែល ក៏ប្រទះឃើញម៉ូតូ មួយគ្រឿង ជិះគ្នាពីរនាក់ បានដួលនៅលើផ្លូវ ដោយមិនដឹងមូលហេតុ ដោយឃើញបែបនេះ គាត់ក៏ឈប់រថយន្ត បម្រុងចុះទៅជួយមើល អ្នកដែលជិះម៉ូតូដួល តែពេលបើកទ្វាររថយន្តភ្លាម ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ផ្សេងទៀត បានដើរសំដៅ មកប្រើអំពើហិង្សា លើខ្លួនគាត់ជាជនរងគ្រោះ តែម្តង។
ចំណែកឯបុរសទាំងពីរនាក់ ដែលជិះម៉ូតូដួលនោះ ក៏ងើបមកវ៉ៃលើដងខ្លួនគាត់ ជាជនរងគ្រោះផងដែល បណ្តាលឲ្យបែកក្បាលហូរឈាម ជនរងគ្រោះបានស្រែកខ្លាំងៗ ឲ្យអ្នកក្បែរកន្លែងកើតហេតុជួយដែរ តែគ្មានអ្នកណាមកជួយជនរងគ្រោះឡើយ ខណៈដែលមេឃ នៅតែបន្តភ្លៀងធ្លាក់ខ្លាំង ហើយងងឹតផងដែរ។ ក្រោយប្រើអំពើហិង្សាលើជនរងគ្រោះរួច ជនសង្ស័យទាំង០៤នាក់ បានឡើងជិះម៉ូតូបើកចេញនិងរត់ចេញទៅបាត់ ចំណែកជនរងគ្រោះក៏ឡើងជិះរថយន្តរបស់គាត់ត្រឡប់ទៅហាងកាហ្វេអ៊ីហុង ដើម្បីឲ្យគេជួយ អ្នកនៅក្នុងហាងកាហ្វេ បានប្រាប់ជនរងគ្រោះឲ្យទៅមន្ទីរពេទ្យដើម្បី លាងរបួសសិននិងរាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់ពីលាងរបួស និងដេរភ្ជាប់ស្នាមរបួសរួចហើយ ជនរងគ្រោះក៏បានធ្វើដំណើរត្រឡប់មកកន្លែងកើតហេតុវិញ ហើយធ្វើការឡាយវិឌីអូហ្វេសប៊ុក (Live Video Facebook) ដោយស្ថិតក្នុងអារម្មណ៍ខឹងផងភ័យផង ជនរងគ្រោះក៏បាននិយាយថា មានចោរប្លន់មកលើខ្លួនគាត់ តែតាមការពិត គឺជាករណីហិង្សាតែប៉ុណ្ណោះ ចំណែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះក៏មិនមានការបាត់បង់អ្វីដែរ។
យោងតាមការការបំភ្លឺពីជនរងគ្រោះ និងសាក្សី ចំពោះករណីនេះ នគរបាលក្រុងសៀមរាបសូមបដិសេធថា ករណីនេះ មិនមែនជាករណីប្លន់ ដូចការលើកឡើងរបស់ជនរងគ្រោះនោះឡើយ និងសូមអះអាងថា ករណីនេះ ជាករណីហិង្សាដែលផ្តើមចេញ ពីគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ។
ចំណែកជនសង្ស័យដែលប្រើអំពើហិង្សាមកលើជនរងគ្រោះ នគរបាលក្រុងកំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ ដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បណ្តាអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក មេត្តាជ្រាបជាព័ត៌មាននិងសូមបញ្ឈប់ការផ្សព្វផ្សាយឃ្លិបវិឌីអូនេះបន្តទៀត ព្រោះជាករណីមិនពិតនោះទេ៕
Source: Kampuchea Thmey Daily
0 Comments