កំពង់ស្ពឺ ៖ ឆ្លងតាមការសិក្សាផ្លូវច្បាប់ និងតាមរយៈការស្នើសុំទៅព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចប្ដូរថ្ងៃប្រជុំសភានិងបង្កើតគណៈរដ្ឋមន្ត្រីថ្មីនីតិកាលទី៦ នៅថ្ងៃទី៥ និងទី ៦ កញ្ញា វិញ ដែលកាលបរិច្ឆេទផ្លូវការថ្មីនេះ មានភាពច្បាស់លាស់ ពុំបានខុសទៅនឹងច្បាប់ ឬ រដ្ឋធម្មនុញ្ញនោះទេ។
បើយោងតាមសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចចូលគាល់ព្រះមហាក្សត្រកាលពីថ្ងៃអង្គារ និង បានទូលស្នើសុំព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីកោះប្រជុំសមាជិកគណបក្សឈ្នះឆ្នោតក្នុងរដ្ឋសភានីតិកាលទី៦ នៅថ្ងៃទី៥ កញ្ញា និងសមាជិកទាំងនោះនឹងត្រូវស្បថចូលកាន់តំណែងសភានៅល្ងាចថ្ងៃដដែល។
លុះព្រឹកថ្ងៃទី៦ ខែកញ្ញា បង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦ ហើយត្រូវស្បថចូលកាន់តំណែងនៅពេលថ្ងៃដដែល។ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នឹងដំណើរការ។
ការកំណត់កាលបរិច្ឆេទនៃការប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាលថ្មីនេះ ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីបានទៅចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៧៣ នៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែកញ្ញា ដើម្បីបង្ហាញក្រុមអ្នកនយោបាយប្រឆាំងថា សម្តេចមានសិទ្ធិយ៉ាងពេញលេញក្នុងការទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ ដើម្បីឲ្យដឹងថា រដ្ឋអធិបតេយ្យមួយដែលធ្វើការបោះឆ្នោត តើមានតម្រូវការប្រថាប់ត្រាពីអ្នកណា ក្រៅពីព្រះមហាក្សត្ររបស់ខ្លួន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត ជិត ២ ម៉ឺននាក់មកពីរោងចក្រក្នុងខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៨ ខែ សីហានេះ។
ដំបូងឡើយ សម្តេចតេជោ ហ៊ុន សែន មានបំណងកំណត់ការប្រជុំសភាលើកដំបូងនៅថ្ងៃទី១៩ ខែកញ្ញា ហើយល្ងាចថ្ងៃទី១៩ ខែកញ្ញា សភាស្បថចូលកាន់តំណែង។ ព្រឹកថ្ងៃទី២០ ខែកញ្ញា បង្កើតរាជរដ្ឋាភិបាល ល្ងាចថ្ងៃទី២០ ខែកញ្ញា រាជរដ្ឋាភិបាលស្បថចូលកាន់តំណែង ហើយនៅថ្ងៃទី២១កញ្ញា គណៈរដ្ឋមន្ត្រីប្រជុំលើកដំបូង។ ប៉ុន្តែបន្ទាប់ពីពិគ្រោះយោបល់ជាមួយប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺកាលបរិច្ឆេទនេះ ត្រូវបានប្តូរដោយកំណត់យកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីប្រជុំសភាលើកដំបូងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ព្រឹកថ្ងៃពុធទី៥ ខែកញ្ញា សភានឹងកោះប្រជុំលើកដំបូងក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រនៅល្ងាចថ្ងៃទី៥ កញ្ញាសភានឹងចូលស្បថកាន់តំណែង។ ថ្ងៃព្រហស្បតិ៍ទី៦ ខែកញ្ញា នឹងបង្កើតឡើងនូវក្បាលម៉ាស៊ីនរដ្ឋសភាក៏ដូចជាបង្កើតនូវរាជរដ្ឋាភិបាលថ្មី ដល់ពេលល្ងាចថ្ងៃទី៦ ខែកញ្ញា គឺរាជរដ្ឋាភិបាលនឹងស្បថចូលកាន់តំណែង ដល់ពេលព្រឹកថ្ងៃទី៧ ត្រូវនឹងថ្ងៃសុក្រ គណៈរដ្ឋមន្ត្រីថ្មីនឹងបើកកិច្ចប្រជុំលើកដំបូង»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា ការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាលមុនកាលកំណត់នេះ វាពុំបានខុសទៅនឹងច្បាប់ ឬ រដ្ឋធម្មនុញ្ញនោះទេ វាមានចំណុចបីដែលមិនខុសជាមួយនឹងច្បាប់ គឺទី១-សភាបង្កើតឡើងលើកដំបូងត្រូវកោះប្រជុំដោយព្រះមហាក្សត្រដូចនេះមិនបានកំណត់ពេលវេលានោះទេ។ ទី២-ក្នុងរយៈពេលមិនឲ្យលើសពី៦០ថ្ងៃយ៉ាងយូរ ដូចនេះ ព្រះមហាក្សត្រកោះប្រជុំពេលណាក៏បាន និង ចំណុចទី៣-ត្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសសមាជិកសភា ជាប់ឆ្នោតជាផ្លូវការសិន។
បើយោងតាមកម្មវិធីគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលផ្លូវការបណ្តោះអាសន្ននៅថ្ងៃទី១១ ខែសីហា និងប្រកាសលទ្ធផលបោះឆ្នោតនៅថ្ងៃទី ១៥ ខែសីហា ។ ដូចនេះ ប្រសិនជាមានការប្តឹងផ្តល់ គឺនឹងធ្លាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញជាអ្នសម្រេចដែលយើងគិតថា ប្រើពេលយ៉ាងយូរ ១០ ថ្ងៃ។
សម្តេចមានប្រសាសន៍ថា «ដូច្នេះ ១០ថ្ងៃ វាគ្រប់គ្រាន់សម្រាប់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ដូច្នេះនៅដើមខែកញ្ញា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចនឹងប្រកាសលទ្ធផលស្ថាពរ បែងចែកអាសនៈ និងកំណត់ឈ្មោះអ្នកដែលជាប់ឆ្នោត។ បន្ទាប់មកដល់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រដែលព្រះអង្គត្រូវកោះប្រជុំតែម្តង»។
ការកែប្រែកាលបរិច្ឆេទនេះ ធ្វើឡើងបន្ទាប់ពីប្រមុខគណបក្សប្រជាជនដែលត្រៀមខ្លួនដឹកនាំរាជរដ្ឋាភិបាលថ្មីមានបំណងទៅបកស្រាយពីបញ្ហានយោបាយកម្ពុជានៅចំពោះមុខបណ្ដាប្រទេសនានានៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅថ្ងៃទី២៥ កញ្ញា ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments