ភ្នំពេញ ៖ ជនសង្ស័យជាចោរលួចឆ្កឹះសោទ្វារផ្ទះគេម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់បានភ្លាមៗខណៈដែលកំពុងធ្វើសកម្មភាពលួចឆ្កឹះសោទ្វារផ្ទះគេប៉ងលួចទ្រព្យសម្បត្ដិគេទាំងម្ចាស់គេកំពុងដេកលក់នៅក្នុងផ្ទះនៅឡើយ នៅពេលគេឃើញទាន់ស្រែកឲ្យអ្នកជិតខាងជួយដេញចាប់បានភ្លាម កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅចំណុច ផ្ទះលេខ១៦៨ ផ្លូវលំ ក្រុម២ភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ប៉េស យៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចំការមនក្រុងភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ កែវ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។
ការឃាត់ខ្លួននេះដកហូតបាន វត្ថុតាងបានដូចជា សោសូឡិច ១ ដែលជនសង្ស័យឆ្កឹះរួច ដែកអ៊ីណុក សម្រាប់ហាលខោអាវ ចំនួន២ ដែលជនសង្ស័យប្រើសម្រាប់ ថ្ពក់ទាញ លួចទ្រព្យសម្បត្តិ ទូរស័ព្ទដៃ អ៊ិនចុចពិល ពណ៌ស១គ្រឿង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងដេកលក់ ត្រូវបានប្អូនស្រីដែលដេកនៅបន្ទប់ផ្សេង មកដាស់ហៅប្រាប់បងប្រុសខ្លួន ថាមានចោរចូលផ្ទះធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះទៅអើតមើលតាមប្រឡោះទ្វារ ក៏ឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពលួចឆ្កឹះសោ ពេលនោះគាត់ស្រែក ហើយរត់ទៅបើកទ្វារចេញក្រៅតែជនសង្ស័យចងទ្វារជាប់ពីខាងក្រៅ ទើបស្រែកហៅអ្នកជិតខាង ឲ្យជួយស្រាយទ្វារទើបផ្អើលអ្នកជិតខាងនាំគ្នាដេញចាប់ជនសង្ស័យបានភ្លាមៗ រួចប្តឹងប៉ូលិសឲ្យនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញព្រហ្មទណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments