ពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយកងកម្លាំងវិស្វកម្មម្នាក់ បានដេកស្លាប់ក្នុងអង្រឹង ដោយរោគគាំងបេះដូង បន្ទាប់ពីសម្រាកពីការងារនាំគ្នាផឹកស្រាថ្នាំចូលដេករៀងខ្លួនៗរួច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ សំរោងយា ឃុំព្រងឹល ស្រុកភ្នំក្រវា ខេត្តពោធិ៍សាត់។
បើតាមលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម វ៉ាន់ណេត ភេទប្រុស អាយុ២៩ឆ្នាំ ជាកងកម្លាំងផ្នែកនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលមានទីលំនៅភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកបានឲ្យដឹងថា ក្រោយពេលជនរងគ្រោះសម្រាកការងាររួច នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ រួចជនរងគ្រោះក៏បាននាំគ្នាគេ ដែលជាកម្លាំងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ អង្គុយផឹកស្រាថ្នាំមានគ្នា ០៤នាក់ ផឹកស្រាថ្នាំអស់ចំនួន០១លីត្រ ត្រង់ទីតាំងកើតហេតុខាងលើ។ រហូតដល់ម៉ោង៩និង០០នាទីយប់ ជនរងគ្រោះនិងបក្សពួកក៏បែកគ្នាទៅដេករៀងៗខ្លួន ដោយជនរងគ្រោះទៅចងអង្រឹងដេកនៅក្រោមផ្ទះរបស់ឈ្មោះ រិន សុខគឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លុះព្រឹកឡើងម៉ោងកើតហេតុខាងលើ គ្នាគេបានទៅដាស់ជនរងគ្រោះ ក៏ស្រាប់តែស្លាប់ក្នុងអង្រឹងនោះបាត់ហើយ ទើបមានការភ្ញាក់ផ្អើល រហូតដល់សមត្ថកិច្ចជំនាញនិងអាជ្ញាធរនាំគ្នាចុះមកពិនិត្យ។
លោក តាន់ គារិទ្ធ បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញនគរបាលស្រុកភ្នំក្រវាញសហការ ជាមួយកម្លាំងជំនាញនគរបាលផ្នែកបច្ចេកទេស និង វិទ្យាសាស្ត្រខេត្តជាមួយគ្រូពេទ្យជំនាញនិងអាជ្ញាធរ ធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់រួច ទើបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម វ៉ាន់ណេត ស្លាប់ដោយសារ ខ្យល់គ រោគគាំង បេះដូង ដោយពុំនរណាដឹងក៏ស្លាប់ក្នុងអង្រឹងនោះតែម្ដង។
ក្រោយពីកម្លាំងសមត្ថកិច្ចយើងធ្វើការពិនិត្យចប់សព្វគ្រប់ ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments