Ad Code

អតីត​ឧបការី​ផ្ទាល់​សម្តេច​ក្រុមព្រះ ប្តឹង​អគ្គលេខាធិការ និង​អនុប្រធាន​បក្ស ពីបទ​ផ្តួចផ្តើម និង​សមគំនិត​ធ្វើ​លិខិត​រដ្ឋបាល​ទុច្ចរិត



ភ្នំពេញ​ ៖ លោក មៀ​ច សំរួល អតីត​ឧបការី​ផ្ទាល់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សម្រេច​ដាក់ពាក្យ​ប្តឹង​លោក យឹម សា​វី អគ្គលេខាធិការ​គណបក្ស និង​លោក​ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស ទៅ​តុលាការ​ពី​បទ​ផ្តួចផ្តើម និង​សមគំនិត​ធ្វើ​លិខិត​រដ្ឋបាល​ទុច្ចរិត​បញ្ចប់​សមាជិកភាព​រូប​លោក នេះ​បើ​យោងតាម​ពាក្យ​បណ្តឹង ដែល​បាន​ដាក់ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨​។

តាម​ពាក្យ​បណ្តឹង​របស់លោក មៀ​ច សំរួល បាន​ឲ្យ​ដឹង​ថា ការ​បញ្ចប់​សមាជិកភាព​លោក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ផលប្រយោជន៍​ស្របច្បាប់​យ៉ាងធ្ងន់ធ្ងរ ដូច្នេះ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០០​លាន​រៀល​។



ពាក្យ​បណ្តឹង​លើកឡើង​យ៉ាងនេះ​ថា “​ខ្ញុំបាទ​ឈ្មោះ មៀ​ច សំរួល​កើតទុក្ខ​មិន​សុខចិត្ត និង​រង​នូវ​ភាព​អយុត្តិធម៌ សុំ​ប្ដឹង​ឈ្មោះ យឹម សា​វី មុខងារ​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ឈ្មោះ ប៉ោ ប៊ុន​ស្រ៊ី មុខងារ​ជា​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពីបទ​ផ្ដួចផ្ដើម​សមគំនិត​ធ្វើ​លិខិត​រដ្ឋបាល​ទុច្ចរិត បញ្ចប់​សមាជិកភាព​ខ្ញុំបាទ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​ប្រការ​៣ និង​ប្រការ​៥៤ នៃ​លក្ខន្តិកៈ​គណបក្ស​។ ប្រការ​១៣ បាន​ចែងថា ការ​បញ្ចប់​ឈ្មោះ​សមាជិក​ចេញពី​គណបក្ស សម្រេច​ដោយ​ប្រធាន​គណបក្ស តាម​សំណើ​របស់​ក្រុមប្រឹក្សាវិន័យ ដូច្នេះ​សេចក្តី​សម្រេច​នេះ ធ្វើឡើង​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស​ទាំងស្រុង​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិនទាន់បាន​បង្កើត​ក្រុមប្រឹក្សាវិន័យ​នៅឡើយ ដើម្បី​វិនិច្ឆ័យ​កំហុស ឬ​លើក​សំណើ​នេះ​ទេ​។ ប្រការ​៥៤ នៃ​លក្ខន្តិកៈ វ​ក្យ​ខណ្ឌ​ទី​២ បាន​ចែងថា ការព្រមាន​ជា​លាយលក្ខណ៍អក្សរ​, ការស្ដីបន្ទោស​ដោយមាន​ចុះ​ក្នុង​សំណុំ​ឯកសារ និង​ការបណ្ដេញចេញ​ជា​ស្ថាពរ​”​។

លោក មៀ​ច សម្រួល បាន​បញ្ជាក់ថា លោក​គឺជា​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច តាំងពី​ឆ្នាំ ២០០៦ រហូតមកដល់​បច្ចុប្បន្ន​នេះ ពុំ​ធ្លាប់​ដែល​មាន​កំហុសឆ្គង​ម្ដងណា​ឡើយ និង​ពុំដែល​មានការ​ស្តីបន្ទោស​ពី​ថ្នាក់ដឹកនាំ​គណបក្ស ឬ​កំហុស​ដូច​មាន​ចែង​ក្នុង​ប្រការ​៥៤ វ​ក្យ​ខ័​ណ្ឌ​ទី​២ ខាងលើ​ឡើយ។ ក្នុងនាម​ជា​សកម្មជន​មាន​តួនាទី​ជាច្រើន​ដូចជា អនុប្រធាន​ក្រុមការងារ ឧបការី​ផ្ទាល់ និង​ប្រធាន​ចលនា​យុវជន​គណបក្ស​ថ្នាក់​ជាតិ លោក​បាន​កសាង​ស្នាដៃ និង​សមិទ្ធផល​នៅ​គណបក្ស​ជាច្រើន​សន្ធឹកសន្ធាប់​ដូច​ជា ចុះ​តាម​បណ្ដា​រាជធានី ខេត្ត​ទាំង​២៥ ជាមួយ​ប្រធាន​គណបក្ស​គ្រប់​មូលដ្ឋាន ឃុំ ស្រុក ខេត្ត ដោយ​បាន​បង្កើត​វេទិកា​យុវជន និង​ព្រឹត្តិការណ៍​ជំរុញ​ឲ្យ​គណបក្ស​មានឈ្មោះ​ល្បីៗ និង​បាន​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់​ខេត្ត ស្រុក ឃុំ ភូមិ ដោយ​បាន​ចំណាយ​ទាំង​ធនធានមនុស្ស និង​ធនធាន​ថវិកា​អស់យ៉ាង​ច្រើន​ដូចជា ការធ្វើ​ស្លាក logo​ដឹកជញ្ជូន​សមាជិក​ចុះ​ដង្ហែ​តាម​ខេត្ត ក្រុង និង​បាន​ឧបត្ថម្ភ​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ដោះស្រាយ​ការងារ​សង្គមកិច្ច​នៅ​ថ្នាក់ជាតិ​។

លោក​បញ្ជាក់​ទៀត​ថា សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ ស្តីពី​ការ​បញ្ចប់​សមាជិកភាព​លោក​ពី​គណបក្ស​ហ៊្វុន​សិន​ប៉ិច ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ផលប្រយោជន៍​ស្របច្បាប់​យ៉ាងច្រើន​ធ្ងន់ធ្ងរ ដូច្នេះ​លោក​កើតទុក្ខ​មិន​សុខចិត្ត ប្ដឹង​ទាមទារ​សំណង​នៃ​ការ​ក្បត់​ទំនុកចិត្ត និង​ជំងឺ​ចិត្ត ព្រមទាំង​ការលះបង់ និង​ការ​ចំណាយ​ផ្សេងៗ​ទៅលើ​គណបក្ស​កន្លងមក នូវ​ទឹកប្រាក់​សរុប​ចំនួន​៤០០​លាន​រៀល​។

ទាក់ទង​ករណី​ប្តឹង​នេះ ការិយាល័យ​យើង​មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក យឹម សា​វី អគ្គលេខាធិការ​គណបក្ស និង​លោក​ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅឡើយ​ទេ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu