Ad Code

ម៉ៃ សុគន្ធ បែរ​ជា​មិន​ញញើត​ការ​ព្រមាន​ប្តឹង បន្ត​ការរិះគន់​លើ​ខេមរៈ សិរីមន្ត



ភ្នំពេញ​ ៖​ ដូចដែល​មហាជន​មហាជន​បានដឹង​គ្រប់គ្នា​ហើយ​ថា ​រវាង​តារាចម្រៀង​ប្រុស​ពីរ​រូប​គឺ​លោក ម៉ៃ សុគន្ធ និង​លោក ខេមរៈ សិរីមន្ត កាលពី​ថ្មីៗ​នេះ ​បាន​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​ក្រោយពេល​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត បាន​ប្រកាស​ព្រមាន​ប្តឹង​លោក ម៉ៃ សុគន្ធ ឡើង​តុលាការ​លើ​ករណី​រិះគន់​មួយចំនួន។

ទន្ទឹមគ្នា​លើ​ករណី​នៃ​ការប្រកាស​ប្តឹង​របស់​លោក ខេមរៈ សិរីមន្ត​មក​លើ​តារាចម្រៀង​លោក ម៉ៃ សុគន្ធ នេះ​ដែរ​ ភ្លាមៗ​នោះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល ​និង​ចាប់​អារម្មណ៍​តាមដាន​ចំពោះ​ដំណឹង​មួយ​នេះ​។ ​ប៉ុន្តែ​ជា​លទ្ធផល​ត្រូវបាន​លោក ម៉ៃ សុគន្ធ ឆ្លើយតប​ថា​ លោក​មិនបាន​ខ្លាច ​ឬ​ភ័យព្រួយ​លើ​ការប្រកាស​ដាក់ពាក្យ​ប្តឹង​នោះឡើយ ​ផ្ទុយទៅវិញ​លោក​បែរជា​ប្រកាសថា​អាច​ព្រម​កំដរ​បាន​ទៅតាម​អ្វីដែល​លោក ខេមរៈ សិរីមន្ត ចង់​ប្តឹង​ ប្រសិន​បើ​​​អញ្ចឹង​មែន​។

ថ្វីត្បិតតែ​រឿងរ៉ាវ​នេះ​ ទើប​ត្រូវ​បាន​ស្ងប់ស្ងាត់​មិន​ទាន់​បាន​មួយ​ចម្អិន​កំពឹស​ផង ​ក៏​ស្រាប់តែ​តារាចម្រៀង​លោក​ម៉ៃ សុគន្ធ ក៏បាន​បន្ត​ចេញ​រិះគន់​ជាថ្មី​លើ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ជុំវិញ​នៃ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​របស់​លោក​ ដែល​ជា​ការ​ច្រៀង​រួមគ្នា​ជាមួយ​តារា​ថៃ លោក Tik Shiro ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្មីៗ​កន្លងមកនេះ។

ផ្អែក​តាម​សំណេរ​សរសេរ​ភ្ជាប់​ជាមួយ​ឃ្លី​ប​វីដេអូ​ និង​រូបភាព​លោក​ម៉ៃ សុគន្ធ បាន​លើក​ឡើង​ថា ឆ្ងល់​…! សួរ​តាម​ត្រង់​ហេតុអ្វី អត់​ព្រម​អោយ​ចា​ស្ទី​ន​កូ​ពី កាន់​ឧបករណ៍​តន្ត្រី​អញ្ចឹង​​ ​ឬមួយ​គាត់​អត់​ចេះ ឬ គាត់​លាក់​កំនួច​ជ្រុល​ តែ​សហ​ការ​​គ្នា​ហើយ គួរ​ណាស់​តែ​អោយ ប៉ា​រូ​ល​ដំបូង ខ្មែរ​ច្រៀង​មុន (​មូលហេតុ​ព្រោះ​គាត់​ជា​ម្ចាស់ផ្ទះ ទោះ​ហៅភ្ញៀវ​ទៅ ​ពិសារ​បាយ​ក៏​ទុក​កិត្តិយស​ចាប់​ម្ហូប​ជូន​ភ្ញៀវ​មុន​ដែរ​)​។​

បន្ថែម​ពីនេះ​ តារាចម្រៀង​លោក ម៉ៃ សុគន្ធ បាន​និយាយប្រាប់​ឲ្យ​ដឹង​ទៀតថា​ ទាក់ទង​ចម្រៀង​រួមគ្នា​រវាង​ខ្មែរ​និង​ថៃ ខ្ញុំ​ឃើញថា​ដូច​ជាមាន​លក្ខណៈ​លើស​បន្តិច ព្រោះ​ត្រង់​MV​ជ្រួល​ តែ​ច្រៀង​រួមគ្នា​គួរតែ​ថត​ស្រុក​ខ្មែរ​ខ្លះ ស្រុកថៃ​ខ្លះទៅ ហើយ​មួយវិញទៀត​បានជា​គាត់​(Tik Shiro )​សហការ​អញ្ជើញ​យើង​ទៅ​ច្រៀង​ជាមួយ​គាត់​គួរណា​អោយ​ប៉ា​រ៉ូ​ល​ទីមួយ​ខ្មែរ​ច្រៀង​មុន។ ម្យ៉ាងទៀត​តារាចម្រៀង​ថៃ​ម្នាក់​នោះ​គាត់​ច្រៀង​ផង​និង​លេង​ឧបករណ៍​តន្ត្រី​ផង​(​វាយ​ស្គរ​)​ ប៉ុន្តែ​តារាចម្រៀង​ខ្មែរ​យើង​(​ខេមរៈ សិរីមន្ត​)​គាត់​ឈរ​តែ​ចម្រៀង​តើ​ត្រង់​ចំណុច​នេះ​វា​ត្រូវ​ឬ​ខុស៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu