Ad Code

ចៅក្រម​ សម្រេច​ឃុំខ្លួន​ស្ត្រីជន​ជាតិចិន ​ដែល​បើករថយន្ត​បំបុក​ចោរ​ស្លាប់



ភ្នំពេញ​ ៖ ​ទីបំផុត​ស្ត្រីជន​ជាតិចិន​ ដែល​បើករថយន្ត​បំបុក​ចោរឆក់​ទូរស័ព្ទ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ សម្រេច​កាលពី​ល្ងាច​ថ្ងៃទី ១៦​ ខែសីហា ឆ្នាំ​២០១៨​ដាក់​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស។

មន្ត្រី​នគរបាល​ខណ្ឌ​ចំការមន​បាន​អោយ​ដឹង​ថា ជន​ត្រូវ​ចោទ ត្រូវ​បាន​​​បញ្ជូន​ទៅកាន់​គុក​ធំ​ព្រៃ​ស​កាលពី​ព្រឹក​ថ្ងៃទី ១៧​ ខែ​សីហា​នេះ។

នគរបាល​បាន​បញ្ជាក់​ថា បទល្មើស​ ដែល​ព្រះរាជអាជ្ញា​ចោទ​ប្រ​កាន់ ហើយ​ចៅក្រម​សម្រេច​ឃុំខ្លួន​រួមមាន បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​ដោយ​មរណភាព​នៃ​ជនរងគ្រោះ​តាម​មាត្រា​២២៤​នៃ​ក្រម​ព្រហ្មទណ្ឌ​ បទ​ហិង្សា​​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​បើកបរ​ដោយមាន​មាន​ប័ណ្ណបើកបរ។

ជន​ត្រូវ​ចោទ​ត្រូវ​បាន​នគរបាល​ខណ្ឌចំការមន​បញ្ជូន​ឡើង​តុលាការ​ល្ងាច​ថ្ងៃទី​១៥ ខែ​​សីហា ឆ្នាំ​២០១៨​នេះ។

នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បាន​សរសេរ​របាយការណ៍​សន្និដ្ឋាន​ថា ស្ត្រីជន​ជាតិចិន រូប​នេះ ប្រឈម​បទល្មើស​មនុស្សឃាត​ដោយ​អ​ចេតនា​ប៉ុណ្ណោះ​នា​គ្រា​ដំបូង តែ​ក្រោយពី​សាកសួរ​រួច កញ្ញា វ៉ា សក្ដា ព្រះរាជអាជ្ញា​រង​អម​តុលាការ​បាន​សម្រេច​​​ចោទប្រកាន់​រហូតដល់​៣​បទល្មើស។

តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា នេះ​បាន​បញ្ជាក់ថា ​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៤៖១០​នាទី មាន​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា (​បើករថយន្ត​ដេញ​បុក​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ស្លាប់​-​របួស​) នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ​លេខ​៤៥៦ មុខ​ផ្ទះ​លេខ​៥៤​ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល ​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ អ្នក​រងរបួស​ធ្ងន់ ប្រុស​ម្នាក់ និង​ស្លាប់​ប្រុស​ម្នាក់ ជា​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ។

ជនសង្ស័យ​ឈ្មោះ សារុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រង​របួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ឈ្មោះ បេ សុភា​ដេវីត ភេទ ប្រុស ​អាយុ​២៤ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រង​របួស​ធ្ងន់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត។

ស្ត្រី​ចិន​ដែក​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ឈ្មោះ YUAN TANG ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មិន​ចាំ​លេខ​លិខិតឆ្លងដែន មិនបាន​យក​មក​តាម​ខ្លួន ជា​អ្នក បើករថយន្ត។

វត្ថុតាង​ដកហូត ម៉ូតូ ០១​គ្រឿង​ម៉ាក​SCOOPY ពណ៌​ស ស្លាក​លេខ ភ្នំពេញ​1CL-7241 ( របស់​អ្នក​ឆក់​ទូរស័ព្ទដៃ​ខូចខាត​យ៉ាងដំណំ ) , រថយន្ត​ម៉ាក​LEXUS RX-300 ពណ៌​ស ស្លាក​លេខ 2AN-9745 ភ្នំពេញ ( ខូចខាត​ដូចគ្នា ) និង​ទូរស័ព្ទដៃ​០១ គ្រឿង ម៉ាក Meitu ពណ៌​ខ្មៅ​-​បៃតង លេខ​ស៊ីម 096 696 7899 ( បែក​អេក្រង់ របស់​ជនសង្ស័យ បើកឡាន​បុក)។

ចំពោះ​រឿងហេតុ មុនដំបូង​ឈ្មោះ សារុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេវីត បាន​ជិះ​ម៉ូតូ ០១ គ្រឿង​ខាងលើ ឌុប​គ្នា មកដល់​ចំណុច​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ឃើញ​ស្ត្រី​ជាតិចិន និង​មិត្តភក្ដិ​ម្នាក់​ទៀត ឈប់​រថយន្ត​តេ​ទូរស័ព្ទ ចំហ​កញ្ចក់ ខាងមុខ​ផ្នែក​ខាងឆ្វេង ហើយ​ឈ្មោះ សារុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេវីត ក៏​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទ​ដៃ ជន ជាតិ ចិន​ឈ្មោះ Yuan Tang បានសម្រេច រួច បើក​ម៉ូតូ​គេចខ្លួន​។ ភ្លាមនោះ​ស្ត្រី​ជាតិចិន​ឈ្មោះ Yuan Tang ដែល​ជា​ម្ចាស់ ទូរស័ព្ទ បាន​បើករថយន្ត​ដេញតាម​បុក​ម៉ូតូ ពីក្រោយ​បណ្ដាល​ឲ្យ ដួល​ខ្ទាត​ទៅ​ក្បែរ​ជញ្ជាំង​របង​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ​១២៣ កែង ផ្លូវ​លេខ​៤៥៦ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ទៅ​មន្ទីរ ពេទ្យ​មិត្ត ភាព​ខ្មែរ​-​រុស្ស៊ី។

លុះដល់​ម៉ោង ០២.៥០ រំលង​អធ្រាត្រ ចូល​ដល់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ អ្នក​ឆក់​ទូរស័ព្ទ​ឈ្មោះ បេ សុភា​ដេវីត បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី សព​តម្កល់​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល។ចំណែក​អ្នក​ឆក់​ម្នាក់ទៀត​ឈ្មោះ សារុន ពិសិដ្ឋ សន្លប់​មិនទាន់​ដឹងខ្លួន កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​រុស្ស៊ី ឥឡូវនេះ​ឮ​ថា​ព្រះរាជអាជ្ញា​បាន​អនុញ្ញាត​អោយ​សាច់ញាតិ​នាំ​ជនសង្ស័យ​នេះ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ហើយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu