ភ្នំពេញ ៖ អតីតតារាចម្រៀងរបស់ផលិតកម្មសាន់ដេ និងបច្ចុប្បន្នជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មហង្សម្ចាស់បទ ស្ទឹងត្រែងបងអើយ លោក ខេមរៈ សិរីមន្ត ក្រោយទទួលរងការរិះគន់របស់តារាចម្រៀងលោក ម៉ៃ សុគន្ធ ស្ទើរគ្រប់សកម្មភាពសិល្បៈនោះ ថ្មីៗនេះក៏ស្រាប់តែចេញមុខក្តៅក្រហល់ក្រហាយដួងចិត្តដោយធ្វើការប្រកាសប្តឹងលោក ម៉ៃ សុគន្ធ ជាសាធារណៈ។
យោងតាមខ្លឹមសារដែរសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពនិងសាររិះគន់ពីសំណាក់តារាចម្រៀងលោក ម៉ៃ សុគន្ធ នោះ តារាប្រុសលោក ខេមរៈ សិរីមន្ត បានលើកឡើងថា មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើសនិងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ។-បទចោទ។ -បទញុះញង់មានជាអាទិ៍។ -បទធ្វើអោយប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ។
ស្របពេល ដែលមានការប្រកាសប្តឹងពីសំណាក់តារាចម្រៀង ដែលទើបទម្លាយដោយទទួលស្គាល់រឿងមានប្រពន្ធ-កូនគឺលោក ខេមរៈ សិរីមន្តខាងលើនេះដែរ តារាចម្រៀងលោក ម៉ៃ សុគន្ធ បានចេញមុខបកស្រាយប្រាប់កម្ពុជាថ្មីឲ្យដឹងនាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះថា ខ្ញុំចាំទទួលដោយក្តីរីករាយ ស្គាល់ពាក្យប្រយោលទេ។
លោកម៉ៃ សុគន្ធ បាននិយាយទៀតថា គ្មានករណីធំដុំអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឬខ្លាចនោះទេ ព្រោះរឿងនេះត្រឹមតែការរិះគន់បែបប្រយោលប៉ុណ្ណោះ។ ម្យ៉ាងទៀតបើពិនិត្យទៅគ្មានអ្វីដែលពាក់ព័ន្ធលើផ្លូវច្បាប់ដែលធ្ងន់ធ្ងរអាចនឹងដាក់បន្ទុកនោះឡើយ។ លោកបន្តថា រាល់ការសរសេរនោះ ខ្ញុំធ្វើឡើងត្រឹមតែលក្ខណៈប្រយោលទេ ហើយក៏គ្មានបញ្ជាក់ចំឈ្មោះបុគ្គលដែរ…..។
តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានលើកឡើងទៀតថា គិតតាមផ្លូវច្បាប់បើយើងខុសទាល់ តែខ្ញុំសរសេរដាក់ឈ្មោះគាត់ តែនេះខ្ញុំគ្មានសរសេរដាក់ឈ្មោះគាត់ផងតើខុសដែរឬ ?។ ម្យ៉ាងទៀតគាត់ក៏ជាបុគ្គលអ្នកសិល្បៈ និងជាមនុស្សរបស់មហាជន ដូច្នេះរាល់ការរិះគន់ខ្លះគឺគ្មានអ្វីខុសផងហ្នឹង កុំឲ្យតែការរិះគន់នោះជេរប្រមាថដល់ម្តាយគេទៅបានហើយ។
លោក ម៉ៃ សុគន្ធ បានបន្ថែមទៀតថា ប្រសិនបើជាគាត់ប្តឹងក៏គ្មានទោសឯណាពាក់ព័ន្ធរឿងព្រហ្មទណ្ឌដែរ ហើយបើលោក ខេមរៈ សិរីមន្ត គាត់ចង់ប្តឹងលើបទដូចការលើកឡើងនោះក៏ប្តឹងទៅខ្ញុំអាចកំដរគាត់បានគ្រប់ពេល។ គាត់អ្នកប្តឹង គាត់ជាអ្នកខាតតើ មិនមែនខ្ញុំផងហ្នឹង ហើយខ្ញុំក៏មានមេធាវីសម្រាប់តតាំងក្តីដូចតែគ្នាហ្នឹង៕
Source: Kampuchea Thmey Daily
0 Comments