ភ្នំពេញ ៖ បន្ទាប់ពីចំណាយពេលចេញទៅច្រៀង និងសម្តែងនៅលើទឹកដីប្រទេសមហាអំណាចសហរដ្ឋអាមេរិកមានរយៈពេលប្រមាណ៣ខែ ដែលរួមដំណើរពីសំណាក់តារាប្រុស-ស្រីល្បីៗចំនួន៣ឬ៤នាក់ឯទៀតនោះ តារាចម្រៀងប្រុសចូលចិត្តការប្រើស្ទីលក្រមិចក្រមើមលោកជុំ លីណូ ពេលនេះបានធ្វើដំណើរត្រឡប់មកដល់ទឹកដីកំណើតកម្ពុជាវិញហើយ។
ការហោះហើរឆ្លងទ្វីបមកកាន់ប្រទេសកំណើតរបស់តារាចម្រៀងលោក ជុំ លីណូ បានមកដល់កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ខណៈបច្ចុប្បន្នលោកក៏កំពុងមានវត្តមាននៅលើទឹកដីស្រុកកំណើតជាមួយស្នាមញញឹម និងភាពជោគជ័យអំឡុងពេលចេញទៅស្នាក់នៅច្រៀងនិងសម្តែងលើប្រទេសសម្បូរប្រាក់ដុល្លារផងនោះ។
លោកជុំ លីណូបានប្រាប់ឲ្យដឹងក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះថា លោកពិតជាបានវិលត្រឡប់មកស្រុកខ្មែរវិញតាមការកំណត់ដែលមានរយៈពេលចំនួន៣ខែក្នុងការចេញទៅច្រៀងនិងសម្តែងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែដោយសារលោកមានធុរៈប្រញាប់ និងចាំបាច់ដោយសារលោកឪពុកមានជំងឺធ្ងន់នៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំងនោះ ទើបដំណើរនេះលោកពុំបានប្រាប់មិត្តភក្តិឬនរណាឲ្យបានដឹងច្រើននោះទេ។
តារាចម្រៀងលោក ជុំ លីណូ បានបញ្ជាក់ថា ដំណើរចេញទៅច្រៀងនិងសម្តែងនៅលើសហរដ្ឋអាមេរិកចំនួន៣ខែកន្លងមកនេះគឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តីពីសំណាក់បងប្អូនអាណិកជនខ្មែរ ដែលកំពុងរស់នៅទីនោះ។ នេះអាចចាត់ទុកថាជាភាពជោគជ័យលើកដំបូងរបស់លោករួមជាមួយតារាប្រុស-ស្រីខ្មែរដែលរួមដំណើរឯទៀត។
ក្រៅពីនេះតារារូបសង្ហាលោក ជុំ លីណូក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយផងដែរខណៈពេលដែលតារាសិល្បៈរបស់ខ្មែរចេញទៅច្រៀងនៅអាមេរិកតែងទទួលបានការគាំទ្រនិងការទទួលរាក់ទាក់ពីបងប្អូនខ្មែរនៅទីនោះ។ ម្យ៉ាងទៀតលោក ជុំ លីណូ ក៏មិនភ្លេចអរគុណចំពោះទឹកចិត្តស្រឡាញ់រាប់អានដែលផ្តល់ដោយម្ចាស់ស្ពនស័រព្រមទាំងអ្នកគាំទ្រជាច្រើនទៀតដែរ៕
Source: Kampuchea Thmey Daily
0 Comments