បាត់ដំបង ៖ បុរសម្នាក់ ដែលមាននាទីជាជាងជួសជុលរថយន្ត បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលគេកំពុងប្រើប្រាស់ម៉ូទ័រស្វាន ដើម្បីចោះរន្ធទៅលើជញ្ជាំងរថយន្តស្រាប់តែតួស្វាននោះ មានចរន្តឆ្លងមកដល់ដៃ ដែលកំពុងចាប់កាន់ ធ្វើអោយឆក់ប្រកាច់ពេញដី និងស្លាប់ភ្លាមមួយរំពេច មុនពេលដែលក្រុមជាងដូចគ្នាបានស្ទុះទៅដកខ្សែភ្លើងចេញពីព្រីនោះ។
ហេតុការណ៍នៃការឆក់ខ្សែភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមទី ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គឺនៅក្នុងការ៉ាសជួសជុលរថយន្តមួយកន្លែង។
បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុគឺជនរងគ្រោះបានយក ម៉ូទ័រស្វានមកដោតព្រីភ្លើង ដើម្បីចោះរន្ធទៅលើជញ្ជាំងរថយន្ត ក្នុងការជួសជុលរថយន្ត។ ភ្លាមៗនោះដែរ ដោយគេមិនទាន់បានចោះផង គឺគ្រាន់តែចាប់កាន់ស្វាន ក៏ស្រាប់តែប្រកាច់ដួលទៅដីតែម្តង ដោយនៅពេលនោះដែរ គ្មានអ្នកណាម្នាក់ហ៊ានចូលទៅជួយឡើយ ព្រោះចរន្តអគ្គិសនី វាអាចឆក់តគ្នា។
ជនរងគ្រោះមានឈ្មោះ អឿង ឯល ហៅញ៉ញ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត នៅចំណុចខាងលើ រស់នៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា អាចឆ្លងភ្លើងទៅលើម៉ូទ័រស្វាននោះ ទើបបណ្តាលអោយឆក់បែបនេះ ដោយ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច បានធ្វើការប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments